កូឡាឡំាពួរ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ថា លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ត្រូវបានអនុញ្ញាតឲ្យចេញ ពីមន្ទីរពេទ្យឯកទេសបេះដូង កាលពីថ្ងៃសុក្រ បន្ទាប់ពីការត្រួតពិនិត្យ សុខភាពរយៈពេល៤ថ្ងៃ ។
អតីតមេដឹកនាំអាយុ៩៨ឆ្នាំរូបនេះ គឺជាឥស្សរជន នយោបាយ ដែលលេចធ្លោបំផុត របស់ប្រទេសម៉ាឡេស៊ី ដោយបានបម្រើ ការជានាយករដ្ឋមន្ត្រី ចំនួន២ដង ក្នុងរយៈពេល២៤ឆ្នាំកន្លងមក ។
យោងតាមប្រភព ដែលជាជំនួយការដ៏ជិតស្និទ្ធ នឹងអតីតនាយករដ្ឋមន្ត្រីរូបនេះ ដែលបានលើកឡើង នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាយ៉ាងដូច្នេះ លោក Mahathir ត្រូវបានបញ្ជូនទៅវិទ្យាស្ថានជាតិបេះដូង ក្នុងទីក្រុង កូឡាឡំាពួរ កាលពីថ្ងៃអង្គារដើម្បី “តាមដានជំងឺ” ។
ពួកគេបានឲ្យដឹងកាលពីថ្ងៃសុក្រថា “បាទ លោក Mahathir ត្រូវបានអនុញ្ញតឲ្យចេញ ពីមន្ទីរពេទ្យវិញហើយ” ពួកគេបានបញ្ជាក់យ៉ាងខ្លី ដូច្នេះដោយមិនផ្តល់ព័ត៌មាន លម្អិតបន្ថែមអ្វីទៀតឡើយ ។
មន្ត្រីម្នាក់ទៀតដែលជិតស្និទ្ធនឹងលោក Mahathir បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា អតីតមេដឹកនាំរូបនេះ “កំពុងត្រូវបានព្យាបាលជំងឺឆ្លង” ។
គេបានដឹងថា លោក Mahathir បានទទួលរងនូវបញ្ហាបេះដូង ជាច្រើនដងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការគាំងបេះដូងយ៉ាងហោចណាស់២លើក ហើយបានទទួលការវះកាត់យ៉ាង ហោចណាស់២ដងរួចហើយដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា