ព័ត៌មានអន្តរជាតិ

រុស្ស៊ី​​​​ ហៅ​ការសម្រេចចិត្ត ​របស់​អាមេរិក ក្នុង​ការផ្គត់ផ្គង់​គ្រាប់បែក​ចង្កោម ​ដល់​អ៊ុយក្រែន​ថា ជាឧក្រិដ្ឋកម្ម​សង្រ្គាម

ប្រភព ៖ xinhua

ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ដោយផ្គត់ផ្គង់គ្រាប់បែកចង្កោម ដល់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក Shoigu បានឲ្យដឹងនៅឯកិច្ចប្រជុំក្រុមប្រឹក្សា ក្រសួងការពារជាតិថា “ដោយសារតែកង្វះគ្រាប់រំសេវកើនឡើង សម្រាប់ប្រព័ន្ធកាំភ្លើងធំ ដែលផលិតដោយលោកខាងលិច នៅក្នុងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែន ទីក្រុងវ៉ាស៊ីនតោន បានប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្គ្រាម ដោយរាប់បញ្ចូលទាំងគ្រាប់បែកចង្កោម” ។

លោកបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិក កំពុងបង្កើនជម្លោះកាន់តែខ្លាំងឡើង តាមរយៈ “ការស្វែងរកការផ្តល់អាវុធរយៈចម្ងាយឆ្ងាយ និងអាវុធប្រល័យលោកកាន់តែខ្លាំងឡើង” ពីសម្ព័ន្ធមិត្តរបស់ខ្លួន។

សេវាសន្តិសុខជាតិរបស់រុស្ស៊ី បានឲ្យដឹងផងដែរថា ខ្លួនបានចាប់ខ្លួនជនសង្ស័យម្នាក់នៅឧបទ្វីបគ្រីមៀ ដែលបានបំផ្ទុះបំពង់បង្ហូរឧស្ម័ន។ យោងតាមសេចក្តីថ្លែងការណ៍មួយ របស់សេវាសន្តិសុខសហព័ន្ធ អ្នកបំផ្លិចបំផ្លាញ គឺជាពលរដ្ឋរុស្ស៊ីដែលជាប់ពាក់ព័ន្ធក្នុង “អំពើបំផ្លិចបំផ្លាញ និងអំពើភេវរកម្មនៅឯកន្លែង ហេដ្ឋារចនាសម្ព័ន្ធថាមពលនៃសាធារណរដ្ឋគ្រីមៀ”។

សេចក្តីថ្លែងការណ៍បានបន្ថែមថា អ្នកជាប់ឃុំបានសារភាពថា បានសហការជាមួយសេវាកម្មពិសេស របស់អ៊ុយក្រែនដើម្បីធ្វើការវាយប្រហារ ភេរវកម្មនៅចុងខែមិថុនា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top