ព័ត៌មានអន្តរជាតិ

Update ៖ ប្រធានាធិបតីអ៊ីរ៉ង់ និងរុស្ស៊ី ជួបសន្ទាគ្នា តាមទូរស័ព្ទដោយពិភាក្សា លើការរឹតចំណង កិច្ចសហប្រតិបត្តិការទ្វេភាគី

ប្រភព៖Xinhua

តេហរ៉ង់៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ និងសមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពីទីន បានពិភាក្សាគ្នា តាមទូរស័ព្ទស្តីអំពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីនៅក្នុងវិស័យផ្សេងៗ ។

ការិយាល័យប្រធានាធិបតី អ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះ នៅលើគេហទំព័រ របស់ខ្លួនថា លោក ពូទីន បានសរសើរ កិច្ចសហប្រតិបត្តិការ រវាងរដ្ឋធានីម៉ូស្គូ និងក្រុងតេហរ៉ង់ ថា “ប្រកបដោយភាពស្វាហាប់ និងបានបន្ថែម” លើផ្នែកថាមពល ការដឹកជញ្ជូន និងពាណិជ្ជកម្ម ខណៈដែលបង្ហាញពីឆន្ទៈរបស់រុស្ស៊ី ក្នុងការធ្វើឱ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងក្របខ័ណ្ឌ និងតាមកម្រិតថ្នាក់តំបន់ ។

មេដឹកនាំរុស្ស៊ី បានថ្កោលទោសការវាយប្រហារ “ភេរវករ” កាលពីថ្ងៃអាទិត្យ លើទីសក្ការបូជា Shah Cheragh នៅក្នុងខេត្ត Fars ភាគខាងត្បូង នៃប្រទេសអ៊ីរ៉ង់ ដែលក្នុងនោះមនុស្ស២នាក់ បានស្លាប់ និង៧នាក់ផ្សេងទៀត បានរងរបួស ដោយសម្តែងការអាណិតអាសូរចំពោះរដ្ឋាភិបាលអ៊ីរ៉ង់ ប្រជាជន និងក្រុមគ្រួសារជនរងគ្រោះផងដែរ ។

លោក Raisi បានពិនិត្យឡើងវិញនូវដំណើរការនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរវាង ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី ដោយលើកឡើងពីភាពចាំបាច់ សម្រាប់ការអនុវត្តគម្រោងរួមផ្សេងៗគ្នា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងថាមពល ។

ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម ដោយសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបង្កើនទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចទ្វេភាគី ដើម្បីទប់ទល់ នឹងទង្វើរបស់សហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top