ព័ត៌មានអន្តរជាតិ

Update ៖ អ៊ុយក្រែន សាទរ ចំពោះការសម្រេចចិត្ត ជាប្រវត្តិសាស្ត្រក្នុងការ ផ្តល់យន្តហោះចម្បាំង F-16 របស់អាមេរិក

SKRYDSTRUP៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យលោក Volodymyr Zelenskyy ប្រធានាធិបតី អ៊ុយក្រែន បានស្វាគមន៍ ចំពោះការសម្រេចចិត្ត ជាប្រវត្តិសាស្ត្ររបស់ប្រទេសហូឡង់ និងដាណឺម៉ាក ក្នុងការផ្តល់យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក ដែលនេះជាសកម្មភាពចុងក្រោយ បង្អស់របស់សម្ព័ន្ធមិត្តលោកខាងលិច ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសរបស់លោក Zelenskyy ក្នុងការទប់ទល់ការឈ្លាន ពានរបស់ប្រទេសរុស្ស៊ី ។

លោក Zelenskyy បានស្វែងរកយន្តហោះទំនើបៗ ជាច្រើនខែមកហើយ ដើម្បីពង្រឹងកម្លាំងទ័ព អាកាសដែលសល់ពីសម័យសូវៀត របស់អ៊ុយក្រែន ខណៈដែលខ្លួនកំពុងបន្តការ វាយលុកដ៏ខ្លាំងក្លាប្រឆាំងនឹងកង កម្លាំងរុស្ស៊ីនៅតំបន់ភាគខាងកើត ។

គួរបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន បានប្រកាសពីការយល់ព្រម របស់ខ្លួនលើការផ្ទេរយន្តហោះ F-16 កាលពីថ្ងៃសុក្រជាមួយនឹងការបណ្តុះបណ្តាលដល់ អ្នកបើកយន្តហោះរបស់អ៊ុយក្រែន នឹងចាប់ផ្តើមនៅក្នុងខែនេះ ដែលអាចអនុញ្ញាតឱ្យអ៊ុយក្រែនចាប់ផ្តើមដាក់ពង្រាយ យន្តហោះនៅដើមឆ្នាំ២០២៤ ។

លោក Zelenskyy បានថ្លែងជាមួយ លោក Mark Rutte នាយករដ្ឋមន្រ្តីហូឡង់ នៅក្នុងអំឡុងពេល ទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពអាកាស Eindhoven នៅក្នុងប្រទេសហូឡង់ ។

លោក Rutte បានលើកឡើងថា ចំនួនយន្តហោះ F-16 ដែលផ្តល់ដល់ក្រុង គៀវ មិនត្រូវបានកំណត់ទេ ប៉ុន្តែលោក Zelenskyy បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅពេលក្រោយមកថា “អ្នកចម្បាំងរបស់យើង នឹងទទួលបានយន្តហោះចម្បាំង ដ៏អស្ចារ្យចំនួន៤២គ្រឿង” ។

ក្រោយមកទៀត លោក Zelenskyy បានធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពអាកាស Skrydstrup របស់ប្រទេសដាណឺម៉ាក ហើយត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្ត្រី លោកស្រី Mette Frederiksen ដែលបានលើកឡើងថា “យើងក៏ដឹងថា អ្នកត្រូវការបន្ថែមទៀត ហើយនោះជាមូលហេតុដែលថ្ងៃនេះ យើងបានប្រកាសថា យើងនឹងបរិច្ចាគយន្តហោះចម្បាំង F-16 ចំនួន១៩គ្រឿងដល់អ៊ុយក្រែន” ។

លោកស្រីបានថ្លែងយ៉ាងដូច្នេះថា យន្តហោះចំនួន៦នឹងត្រូវបានចែកចាយនៅចុងឆ្នាំនេះ ហើយចំនួន៨គ្រឿងនៅឆ្នាំក្រោយ និងចំនួន៥គ្រឿងនៅក្នុងឆ្នាំ២០២៥ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top