ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ទុកពេលឲ្យអាមេរិក ២ខែ សម្រាប់កិច្ចព្រមព្រៀង ផ្លាស់ប្ដូរអ្នកទោស និងបញ្ចេញ របស់សម្បត្ដិអ៊ីរ៉ង់ ដែលត្រូវបានបង្កក

ប្រភព ៖ xinhua

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់លោក Nasser Kanaani បានឲ្យដឹងថា ពេលវេលាកំណត់រយៈពេលពីរខែ ត្រូវបានកំណត់ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូរអ្នកទោសរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន និងការដោះលែងទ្រព្យសម្បត្តិ ដែលជាប់គាំងរបស់ប្រទេសអ៊ីរ៉ង់ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្នុងទីក្រុងតេអេរ៉់ង់ លោក Kanaani បានឲ្យដឹងថា ការអនុវត្តកិច្ចព្រមព្រៀង កំពុងដំណើរការល្អ ហើយលោកមានសុទិដ្ឋិនិយមថា វានឹងបញ្ចប់ក្នុងរយៈពេលកំណត់ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA ។

លោក Kanaani ក៏បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនមានផែនការ សម្រាប់កិច្ចចរចាផ្ទាល់ជាមួយសហរដ្ឋអាមេរិក នៅខាងក្រៅសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលគ្រោងនឹងធ្វើឡើង ក្នុងខែកញ្ញា ឬនៅកន្លែងផ្សេងទៀតឡើយ។

លោក Kanaani បានសង្កត់ធ្ងន់ថា ដំណើរការនៃការផ្ទេរផ្នែកមួយ នៃមូលនិធិរបស់អ៊ីរ៉ង់ ពាក់ព័ន្ធនឹងការនាំចេញឧស្ម័ន និងអគ្គិសនីពីប្រទេសអ៊ីរ៉ាក់ ត្រូវបានបញ្ចប់ ហើយនីតិវិធីនេះ នឹងត្រូវបន្តយ៉ាងយកចិត្តទុកដាក់ ។

កាលពីដើមខែសីហា ទីក្រុងតេអេរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលសម្របសម្រួលដោយប្រទេសទីបី ដែលភាគីទាំងពីរនឹង ផ្លាស់ប្តូរអ្នកទោសជាបញ្ហាមនុស្សធម៌ ហើយផ្នែកខ្លះនៃទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ “ខុសច្បាប់” ដែលត្រូវបានរារាំង នៅក្រៅប្រទេសដោយ ទីក្រុងវ៉ាស៊ីនតោន នឹងត្រូវបានដោះលែង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top