ប៉េកាំង៖ ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ ចំពោះផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលពី រោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលខូចចូលទៅក្នុងសមុទ្រនៅចុងសប្តាហ៍នេះ ខណៈដែលកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួនមិនបានរកឃើញបញ្ហាវិទ្យាសាស្ត្រ ឬបច្ចេកទេសទេ បើទោះបីជាមានការប្រឆាំង ក្នុងចំណោមអ្នកស្រុកជាច្រើនក៏ដោយ។
រដ្ឋាភិបាលទីក្រុងហុងកុង បានឲ្យដឹងថា ខ្លួននឹងរឹតបន្តឹងការនាំចូលអាហារសមុទ្រ របស់ប្រទេសជប៉ុនពីខេត្តចំនួន ១០ ដូចជា តូក្យូ ហ្វូគូស៊ីម៉ា ជីបា ហ្គុនម៉ា តូឈីហ្គី អ៊ីបារ៉ាគី មីយ៉ាជី នីហ្គាតា ណាហ្គាណូ និងសៃតាម៉ា ចាប់ផ្តើមថ្ងៃព្រហស្បតិ៍ នៅពេលដែលការបញ្ចេញទឹកនឹងចាប់ផ្តើម។
រដ្ឋាភិបាលនៃទីក្រុងម៉ាកាវ ដែលជាតំបន់ពាក់កណ្តាល ស្វយ័តមួយផ្សេងទៀត បានឲ្យដឹងថា ខ្លួននឹងហាមឃាត់ការនាំចូលអាហារផ្សេងៗ រួមទាំងអាហារសមុទ្រ បន្លែ សាច់ និងផ្លែឈើ ពីខេត្តទាំង១០ ចាប់ពីថ្ងៃព្រហស្បតិ៍តទៅផងដែរ។
អនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅប្រទេសចិន លោក Hideo Tarumi ហើយបានធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹង ការបញ្ចេញទឹកដែលបានគ្រោងទុក ដោយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង របស់ទីក្រុងប៉េកាំង និងការប្រឆាំងយ៉ាងខ្លាំង។
លោក Sun បានព្រមានថាប្រទេសនេះនឹង “ចាត់វិធានការចាំបាច់ ដើម្បីការពារបរិស្ថានសមុទ្រ សុវត្ថិភាពចំណីអាហារ និងសុខភាពប្រជាជន” ដោយស្នើថា ខ្លួនអាចអនុវត្តវិធានការបន្ថែម ដើម្បីរឹតបន្តឹងការនាំចូលអាហារសមុទ្ររបស់ជប៉ុន ៕
ប្រែសម្រួល ឈូក បូរ៉ា