ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ ប្រាយុទ្ធ ជួបជាមួយនាយករដ្ឋមន្រ្តីថ្មី ដែលជាអតីតមហាសេដ្ឋី អចលនទ្រព្យ

បរទេស ៖ នាយករដ្ឋមន្ត្រីទើបតែងតាំងថ្មី លោក ស្រែថា ថាវីស៊ីន បានជួបជាមួយលោកឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា នៅវិមានរដ្ឋាភិបាល នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីសុំយោបល់ ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ស្រែថា មកពីគណបក្សភឿថៃ បានមកដល់វិមានរដ្ឋាភិបាល តាមរថយន្តម៉ាក Toyota Alphard ពណ៌ខ្មៅ នៅម៉ោងប្រហែល ១១ និង០៥ នាទីព្រឹក ដើម្បីចូលជួបសម្តែងការ គួរសមជាមួយឧត្តមសេនីយ៍ ប្រាយុទ្ធ ។ ជំនួបនេះបានកើតឡើង បន្ទាប់ពីអតីតមហាសេដ្ឋីអចលនទ្រព្យរូបនេះ បានទទួលការយល់ព្រមពីព្រះមហាក្សត្រ ឱ្យក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសកាលពីថ្ងៃពុធ ។

យោងតាមប្រភពមួយបានឱ្យដឹងថា នាយករដ្ឋមន្ត្រីថ្មី ត្រូវបានអមដំណើរដោយលោកវីរសេនីយ៍ Wathanyu Watcharapalothai ដែលជាអតីតប៉ូលីសជាអង្គរក្ស របស់អតីតនាយករដ្ឋមន្ត្រី ដែលរត់គេចខ្លួនគឺលោកស្រី Yingluck Shinawatra ។

លោក Pirapan Salirathavibhaga មេដឹកនាំគណបក្ស United Thai Nation (UTN) និងជាអគ្គលេខាធិការបស់នាយករដ្ឋមន្ត្រីដែលផុតអាណត្តិ ក៏មានវត្តមានក្នុងកិច្ចប្រជុំផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top