ព័ត៌មានអន្តរជាតិ

ជប៉ុន ពិចារណាបន្ធូរបន្ថយ ការរឹតបន្តឹងលើការនាំ ចេញអាវុធដ៏ប្រល័យ

ប្រភព ៖Kyodo

តូក្យូ ៖ សមាជិកបក្ស បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានប្រាប់ភាគីកាន់អំណាចថា អាវុធដ៍ប្រល័យ អាចត្រូវបាននាំចេញ សម្រាប់គោលបំណង មិនប្រយុទ្ធជាក់លាក់ ខណៈដែលការពិភាក្សាក្រុមការងារ បានបន្តកាលពីថ្ងៃពុធស្តីពីការបន្ធូរបន្ថយច្បាប់ ផ្ទេរឧបករណ៍ការពារដ៏តឹងរឹងរបស់ប្រទេស។

ក្រោម “គោលការណ៍៣” របស់ប្រទេសជប៉ុន ដែលគ្របដណ្តប់ លើឧបករណ៍ការពារ និងការផ្ទេរបច្ចេកវិទ្យា រដ្ឋាភិបាលបានអនុញ្ញាត ឱ្យនាំចេញអាវុធដ៏ប្រល័យ សម្រាប់តែប្រទេស ដែលរួមគ្នាអភិវឌ្ឍ ឬផលិតឧបករណ៍ការពារប៉ុណ្ណោះ។

ទន្ទឹមនឹងនោះ ការនាំចេញគ្រឿង បរិក្ខារដែលមិនបង្កគ្រោះថ្នាក់ ត្រូវបានអនុញ្ញាតឲ្យប្រទេសនានាដែលសហការជាមួយទីក្រុងតូក្យូ លើផ្នែកសន្តិសុខ និងសម្រាប់ប្រើប្រាស់ក្នុងដែនមិនប្រយុទ្ធចំនួន៥ ដូចជា ការសង្គ្រោះ ការដឹកជញ្ជូន ការប្រុងប្រយ័ត្ន ការឃ្លាំមើល និងការបោសសម្អាតមីន។

ទោះជាយ៉ាងណាក៏ដោយ ទស្សនៈនេះត្រូវបានពង្រីកកាលពីថ្ងៃពុធ នៅពេលដែលរដ្ឋាភិបាល បានបំភ្លឺថា អាវុធដ៏ប្រល័យអាចនាំចេញបាន ដរាបណាគោលបំណងស្ថិតនៅក្នុងតំបន់មិនប្រយុទ្ធទាំងប្រាំ។

ការពិភាក្សាក្រុមការងារ ស្តីពីការបន្ធូរបន្ថយគោលការណ៍ ផ្ទេរឧបករណ៍ការពារជាតិ បានធ្វើឡើងចាប់តាំងពីខែមេសា ដោយប្រទេសជប៉ុន កំពុងស្វែងរកការពង្រឹង ឧស្សាហកម្មការពារជាតិរបស់ខ្លួន និងឆ្លើយតបកាន់តែប្រសើរឡើង ចំពោះបរិយាកាសសន្តិសុខធ្ងន់ធ្ងរ ខណៈដែលក៏សង្ឃឹមថា នឹងពង្រីកការគាំទ្រ សម្រាប់ប្រទេសដែលស្ថិតនៅក្រោមការ ឈ្លានពានយោធា ដូចជាអ៊ុយក្រែនជាដើម៕
ប្រែសម្រួល ឈូក បូរ៉ា

To Top