ព្យុងយ៉ាង៖ កូរ៉េខាងជើង បានការពារការបាញ់បង្ហោះកាំជ្រួចផ្ទុកផ្កាយរណបចុងក្រោយរបស់ខ្លួននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ ដោយថា ប្រទេសនេះបានអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន និងមិនបង្កគ្រោះថ្នាក់ដល់សន្តិសុខរបស់ប្រទេសជិតខាងណាមួយនោះឡើយ។
លោក Kim Song ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំស្ថាប័នពិភពលោក បានប្រាប់អង្គប្រជុំថា ទីក្រុងព្យុងយ៉ាង “នឹងមិនត្រូវបានចងភ្ជាប់ជាមួយនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខកន្លងមក ដែលហាមឃាត់ប្រទេសនេះពីការប្រើប្រាស់បច្ចេកវិទ្យាទាក់ទងនឹងមីស៊ីលផ្លោង ហើយបណ្តាលឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងខ្លួន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានឲ្យដឹងថា ប្រទេសនេះបានបាញ់បង្ហោះគ្រាប់រ៉ុក្កែត Chollima-1 ដែលដឹកផ្កាយរណបឈ្លបយកការណ៍យោធា Malligyong-1 កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្តែបេសកកម្មនេះបានបញ្ចប់ដោយការបរាជ័យ។
លោកលើកឡើងថា ការបាញ់បង្ហោះនេះគឺជា “ការអនុវត្តសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន ដើម្បីរារាំងសកម្មភាពយោធាអរិភាព ដែលចេះតែកើនឡើងឥតឈប់ឈររបស់សហរដ្ឋអាមេរិក និងបក្ខពួករបស់ខ្លួន”។
កិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាត្រូវបានកោះប្រជុំតាមសំណើរបស់សហរដ្ឋអាមេរិក ប្រធានប្ដូរវេនរបស់ក្រុមប្រឹក្សានៅក្នុងខែនេះ និងប្រទេសចំនួនប្រាំមួយផ្សេងទៀត រួមទាំងប្រទេសជប៉ុនផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា