ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស​ កូរ៉េខាងត្បូង និង​ចិន ​យល់ព្រម​ស្វែងរក​ការចរចា​ជាមួយ​ជប៉ុន​

រូបភាពពី៖​ KYODO

ប៉េកាំង៖ រដ្ឋាភិបាលទាំងពីរបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងចិន បានព្រមព្រៀងគ្នា ដើម្បីបង្កើនកិច្ចពិភាក្សាជាមួយប្រទេសជប៉ុន ខណៈដែលទីក្រុងសេអ៊ូល កំពុងស្វែងរកធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលត្រីភាគីនៅចុងឆ្នាំនេះ។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Park Jin បានពិភាក្សាជាមួយសមភាគីចិន លោក វ៉ាង យី តាមទូរស័ព្ទ បន្ទាប់ពីឯកអគ្គរដ្ឋទូតរបស់ប្រទេសលោក ប្រចាំនៅសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងទីក្រុងវ៉ាស៊ីនតោនថា ទីក្រុងសេអ៊ូល ក្នុងនាមជាប្រធាននៃកិច្ចសន្ទនា ៣ផ្លូវ បាននឹងកំពុងធ្វើការ ដើម្បីសម្រេចបាននូវកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូងរបស់ពួកគេនៅក្នុងរយៈពេលប្រហែល ៤ឆ្នាំចុងក្រោយនេះ។

លោក វ៉ាង យី បានប្រាប់លោកស្រី Park ថាប្រទេសចិន គាំទ្រកូរ៉េខាងត្បូង ដែលដើរតួយ៉ាងសកម្ម “ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការត្រីភាគី” នេះបើយោងតាមក្រសួងការបរទេសចិន។មេដឹកនាំនៃប្រទេសជិតខាងទាំង៣ បានជួបប្រជុំគ្នាចុងក្រោយនៅប្រទេសចិន ក្នុងខែធ្នូ ឆ្នាំ២០១៩។

កូរ៉េខាងត្បូង បានធ្វើជាប្រធានតាំងពីឆ្នាំ២០២០ ប៉ុន្តែប្រទេសទាំង៣ បានបរាជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូល ដោយសារតែភាពតានតឹង និងជម្លោះលើបញ្ហាទាក់ទងនឹងការគ្រប់គ្រងអាណានិគមរបស់ជប៉ុនកាលពីអតីតកាលនៅឧបទ្វីបកូរ៉េ និងសកម្មភាពកងទ័ពជើងទឹករបស់ចិននៅសមុទ្រចិនខាងកើត។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងថា លោកស្រី Park និងលោក វ៉ាង យី ក៏បានយល់ព្រម ដើម្បីសម្រេចបាននូវដំណើរទស្សនកិច្ចទៅវិញទៅមកជាទៀងទាត់ ដោយរដ្ឋមន្ត្រីការបរទេសទៅកាន់ប្រទេសរបស់គ្នាទៅវិញទៅមក និងការសន្ទនាទ្វេភាគីដែលផ្តោតលើបញ្ហាការទូត និងសន្តិសុខ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top