ព័ត៌មានអន្តរជាតិ

Update៖ ព្យុះទីហ្វុង Haikui នៅតែបន្ត វាយប្រហារមកលើតំបន់ភាគនីរតី នៃដែនកោះតៃវ៉ាន់

រូបភាពពី៖​ AFP

តៃវ៉ាន់៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ថា នៅលើដែនកោះតៃវ៉ាន់ នៅព្រឹកថ្ងៃចន្ទ នេះ គេឃើញមានការដួលរលំដើមឈើ គ្រោះទឹកជំនន់ និងភ្លៀងធ្លាក់ចុះជាបន្តបន្ទាប់ ក្រោយពីព្យុះទីហ្វុង Haikui បានបោកបក់មកលើដែនកោះមួយនេះ ហើយបានបោកបក់ពេញមួយយប់ដែលខ្យល់បានឆ្លងកាត់ជួរភ្នំស្ថិតនៅកណ្តាលរបស់កោះនេះ ។
ដំបូងឡើយ ព្យុះទីហ្វុង Haikui ហាក់ដូចបីជារំកិលខ្លួនចេញពីដែនកោះមួយនេះហើយ ប៉ុន្តែវាបានវិលមកជាថ្មីនៅព្រឹកថ្ងៃចន្ទ នេះ នៅតំបន់ភាគនិរតីនៃទីក្រុង Kaohsiung នៅមុនពេលព្យុះនេះត្រូវបានបន្ថយឥទ្ធិពលរបស់វាក្លាយទៅជាព្យុះត្រូពិចកម្រិតធ្ងន់ធ្ងរវិញ ។

នៅមិនមានរបាយការណ៍អំពីការស្លាប់នោះទេ ប៉ុន្តែការបំផ្លិចបំផ្លាញត្រូវបានគេមើលឃើញនៅតំបន់ឆ្នេរសមុទ្រ Taitung ដែលជាតំបន់ភ្នំមួយស្ថិតនៅភាគខាងកើតនៃកោះតៃវ៉ាន់ ដែលព្យុះនេះបានវាយប្រហារដោយផ្ទាល់កាលពីថ្ងៃមុន ។

បរុសឈ្មោះ Chen Hai-feng វ័យ៥៥ឆ្នាំ ជាមេភូមិនៅទីប្រជុំជន Donghe នៃក្រុង Taitung ជាកន្លែងដែលគាត់រស់នៅជាមួយក្រុមបុគ្គលិកធ្វើការរុះរើដើមឈើចេញពីដងផ្លូវមួយបានលើកឡើងថា “ខ្ញុំបានរស់នៅទីនេះយូរមកហើយ ខ្ញុំមិនដែលឃើញខ្យល់បក់ខ្លាំងបែបនេះឡើយ” ។

យ៉ាងណាមិញ ខ្យល់ព្យុះ Haikui ត្រូវបានគេចាត់ទុកថា មិនសូវខ្លាំងជាងព្យុះៗមុនក៏ដោយ លោក Chen បានឲ្យដឹងថា វាមានអារម្មណ៍ថា មានកម្លាំងខ្លាំងជាងពេលមុនៗខ្លាំង ។

គាត់បានបញ្ជាក់ថា “ព្យុះនេះបានបក់បោកមកលើតំបន់របស់យើងតែម្តង” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top