សេអ៊ូល៖ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានស្នើធ្វើសមយុទ្ធយោធាជើងទឹកត្រីភាគី ដែលពាក់ព័ន្ធនឹងកូរ៉េខាងជើង និងចិន នៅពេលដែលរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅចុងខែកក្កដា កន្លងទៅ។
ក្នុងអំឡុងពេលសន្និសីទបិទទ្វារទៅកាន់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភា សេវាចារកម្មជាតិរបស់កូរ៉េខាងត្បូង បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានធ្វើសំណើបែបនេះនៅក្នុងកិច្ចប្រជុំរបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង ។
ប្រភពព័ត៌មានបានរាយការណ៍ផងដែរថា រដ្ឋាភិបាលរុស្ស៊ី បានស្នើឱ្យអាជ្ញាធរកូរ៉េខាងជើង ផ្គត់ផ្គង់គ្រាប់រំសេវ និងមីស៊ីល ខណៈដែលមន្ត្រីកូរ៉េខាងជើង បានស្នើឱ្យរុស្ស៊ីផ្តល់ការវិភាគអំពីសមត្ថភាពអាវុធ ដែលផលិតដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប ព្រមទាំងការរកឃើញបច្ចេកទេសអំពីរបៀប ដោះស្រាយជាមួយអាវុធដែលកាន់តែយ៉ាប់យ៉ឺន៕
ប្រែសម្រួល ឈូក បូរ៉ា