រ៉ាម៉ាឡា ៖ ប៉ាឡេស្ទីន បានរិះគន់សហរដ្ឋអាមេរិក ចំពោះភាពអសកម្មរបស់ខ្លួនលើ “ការរំលោភរបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅតំបន់ វេសបែង” ដោយជំរុញឱ្យវាចាត់វិធានការ ប្រកបដោយអត្ថន័យ ដើម្បីបញ្ចប់ “ការឈឺចាប់របស់ប៉ាឡេស្ទីន” ។
លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតី ប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ភាពស្ងៀមស្ងាត់ របស់សហរដ្ឋអាមេរិក ដែលមិនសមហេតុផល បានលើកទឹកចិត្តឱ្យ រដ្ឋាភិបាលអ៊ីស្រាអែល បន្តការរំលោភរបស់ខ្លួនប្រឆាំងនឹងប្រជាជនរបស់យើងនៅតំបន់ វេសបែង” ។
លោក Abu Rudeineh បានបន្ថែមថា ជាលទ្ធផល អ៊ីស្រាអែល បានវិលត្រឡប់មកគោល នយោបាយរបស់ខ្លួនវិញ ក្នុងការវាយលុកទីក្រុងនានា នៅតំបន់វេសបែង និងសម្លាប់យុវជនប៉ាឡេស្ទីន ក៏ដូចជាការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ នៃទីក្រុង និងភូមិនានារបស់ប៉ាឡេស្ទីន។
លោកបានសង្កត់ធ្ងន់ថា “ប្រជាជនប៉ាឡេស្ទីន នឹងមិនបោះបង់សិទ្ធិ ក្នុងការការពារទឹកដី និងទីសក្ការៈរបស់ពួកគេឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោកបានអំពាវនាវឱ្យសហរដ្ឋអាមេរិក “ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពាន របស់អ៊ីស្រាអែល ដែលកំពុងបន្ត ហើយមិនពេញចិត្ត នឹងគោលនយោបាយ នៃសេចក្តីថ្លែងការណ៍ ដែលមិនផ្លាស់ប្តូរអ្វីទាំងអស់ នៅលើបូរណភាពទឹកដីប៉ាឡេស្ទីន” ដោយព្រមានថា “ស្ថានភាព គឺជិតដល់ការផ្ទុះជាលទ្ធផលនៃ ការកើនឡើងដ៏គ្រោះថ្នាក់របស់អ៊ីស្រាអែល ។
ប្រភពពីប៉ាឡេស្ទីន និងអ៊ីស្រាអែល បានឲ្យដឹងថា ទាហាន អ៊ីស្រាអែល បានបាញ់សម្លាប់ជនជាតិ ប៉ាឡេស្ទីនម្នាក់នៅក្នុងការប៉ះទង្គិចគ្នា ពេញមួយយប់ នៅក្នុងជំរុំជនភៀសខ្លួននៅតំបន់វេសបែង ដែលជាជំរុំជនភៀសខ្លួនប៉ាឡេស្ទីន និងអ៊ីស្រាអែល បានឲ្យដឹង ចំពេលមានភាពតានតឹង កើនឡើងនៅក្នុងទឹកដី ដែលកាន់កាប់ ។
ចាប់តាំងពីខែមករាមក មនុស្ស ៣៣ នាក់ដែលភាគច្រើនជាជនជាតិ អ៊ីស្រាអែល ត្រូវបានសម្លាប់នៅក្នុងការ វាយប្រហារជាបន្តបន្ទាប់ ដែលធ្វើឡើងដោយជនជាតិប៉ាឡេស្ទីន ហើយជនជាតិប៉ាឡេស្ទីនជាង ២២០ នាក់ត្រូវបានសម្លាប់ដោយទាហាន អ៊ីស្រាអែល និងអ្នកតាំងលំនៅ នេះបើយោងតាមតួលេខផ្លូវការ ៕
ប្រែសម្រួល ឈូក បូរ៉ា