ព័ត៌មានអន្តរជាតិ

ចានដុសទឹកខ្មៅ របស់ប្រទេសចិន ល្បីបំផុត តាំងពីបុរាណកាល

ប្រទេសចិន គឺ ជាប្រទេសបុរាណមួយ ដែលមានអរិយធម៌ ជាង5ពាន់ឆ្នាំមកហើយ ប្រវត្តិសាស្រ្តរបស់ប្រទេសចិន ភាគច្រើន ត្រូវបានកត់ត្រាដោយប៊ិច ទឹកខ្មៅ ក្រដាស និងចានដុសទឹកខ្មៅ ។ ប៊ិច ទឹកខ្មៅ ក្រដាស និង ចានដុសទឹកមឹក ត្រូវបានគេស្គាល់ថា ជាទ្រព្យទាំងបួន ក្នុងបន្ទប់សិក្សា ។ អ្វីដែលយើងចង់ណែនាំថ្ងៃនេះ គឺចានដុសទឹកខ្មៅក្នុងចំណោមប៊ិច ទឹកខ្មៅក្រដាសនិងចានដុសទឹកខ្មៅ ហើយជាចានដុសទឹកខ្មៅDuanyan ដែលជាចានដុសទឹកខ្មៅល្បីបំផុត នៅប្រទេសចិនតាំងពីបុរាណ កាលមក ដែលផលិតនៅក្រុZhaoqingខេត្ត Guangdongប្រទេសចិន ។

លោក Liang Peiyang ជាអ្នកជំនាញបុរាណ ក្នុងការធ្វើ ចានដុសទឹកខ្មៅDuanyan ។ កាលពីអាយុ១៧ឆ្នាំ លោកបានចាប់ផ្តើមរៀន ឆ្លាក់ចានដុស ទឹកខ្មៅពីឪពុកលោក ហើយដល់ជំនាន់លោក Liang Peiyang ជាជំនាន់ទី១០ហើយដែលឆ្លាក់ ចានដុសទឹកខ្មៅ ក្នុងក្រុមគ្រួសារលោក ។ បច្ចេកទេសឆ្លាក់ចានដុសទឹក ខ្មៅDuanyhanជាបច្ចេកទេសបុរាណ ដែលបន្តវេន្តតាមរយៈបង្រៀនដោយផ្ទាល់មាត់ និងអនុវត្តផ្ទាល់ និយាយរួមគឺគ្រូបង្រៀន កូនសិស្សដោយផ្ទាល់ដៃ ។

លោក Liang Peiyang ដឹងច្បាស់ពីប្រវត្តិ នៃ ចានដុសទឹកខ្មៅ Duanyan ។ លោកបាននិយាយថាប្រវត្តិ របស់ចានដុសទឹកខ្មៅ Duanyanចាប់ផ្តើមនៅដើមរាជវង្សថាង មានប្រវត្តិជាង១៣០០ឆ្នាំមកហើយ Duanyanល្បីឈ្មោះណាស់ អ្នកសរសេរអក្សរផ្ចង់ ភាគច្រើនចូលចិត្តប្រើប្រាស់ ចានដុសទឹកខ្មៅ Duanyan ។ ចានដុសទឹកខ្មៅDuanyanសុទ្ធតែធ្វើដោយដៃ ហើយគ្រូបង្រៀនកូនសិស្សដោយដៃ ដែលធ្វើឱ្យរូបឆ្លាក់ លម្អលើចានដុសទឹកខ្មៅ Duanyan ពោរពេញទៅដោយអត្ថន័យសាច់រឿង និងមនោសញ្ចេតនា ដែលបង្ហាញពីខ្លឹមសារ វប្បធម៌យ៉ាងជ្រាលជ្រៅ
របស់ប្រទេសចិន ។

ហេតុអ្វីបានជាDuanyan មានប្រជាប្រិយភាពខ្លាំង ក្នុងជាងរយៈពេល១៣០០ឆ្នាំមក? លោក Liang Peiyang បានថ្លែងថា ថ្មសម្រាប់ធ្វើចានដុសទឹកខ្មៅ Duanyan មានពណ៌ចម្រុះ ហើយរលោងណាស់ យកដុំទឹកខ្មៅមកដុស លើវានឹងចេញ ទឹកខ្មៅលឿន ហើយក្លិនទឹកខ្មៅ ចេញមកក្រអូបប្រហើរ រអិលដូចប្រេងអ៊ីចឹង ធ្វើឱ្យសរសេរអក្សរ ដោយងាយស្រួល ។ លោកLi He ដែលជាកវីដ៏ល្បីល្បាញក្នុងរាជវង្សថាង បានសរសេរកំណាព្យមួយឃ្លាថា៖ ជាងឆ្លាក់ថ្មនៅទីក្រុង Duanzhou ស្ទាត់ជំនាញដូចទេវតា ជិះពពក សំលៀងកាំបិត កាត់ពពកស្វាយ ។ នេះគឺពណ៌នាពីថ្ម សម្រាប់ធ្វើចានដុសទឹកខ្មៅ Duanyan ហាក់ដូចជាត្បូងពណ៌ស្វាយ ពេលស្ទាបទៅមានអារម្មណ៍ថា ទន់រលោងដូចស្បែកទារក។

ចានដុសទឹកខ្មៅ Duanyan ដ៏ពេញនិយមបែបនេះ ត្រូវបានធ្វើ ដោយយកចិត្តទុកដាក់ សម្រិតសម្រាំងយ៉ាងខ្លាំង ។ លោកថ្លែងថាវាមិនងាយស្រួលទេ ក្នុងការធ្វើចានដុសទឹកខ្មៅ គឺត្រូវឆ្លងកាត់ដំណើរការដ៏ស្មុគស្មាញ។ ជាដំបូង ប្រភេទថ្មដែលត្រូវការ គឺយកមកពីភ្នំ មុនដំបូងត្រូវជីកយកថ្ម ហើយយកផ្នែកកណ្តាល មកធ្វើជាតួចាន បន្ទាប់មករចនា រូបខាងក្រៅ មានខ្លះស័ក្ដិសមឆ្លាក់រូបទេសភាព ខ្លះទៀតស័ក្តិសមឆ្លាក់រូបផ្កា និងសត្វស្លាបហើយខ្លះទៀត ស័ក្តិសមឆ្លាក់រូបនាគ និងហង្ស ។ ទាំងនេះត្រូវតែកំណត់ជាមុនសិន។ បន្ទាប់មកធ្វើប្លង់ ឆ្លាក់ ជូតឱ្យរលូង ចាក់ក្រមួន បកក្រមួនចេញ និងធ្វើប្រអប់ឈើវេចខ្ចប់។ ដំណើរការនេះត្រូវធ្វើដោយដៃ តាមរបៀបប្រពៃណី។ អរិយធម៌ចិនមានប្រវត្តិដ៏យូរអង្វែង ជានិមិត្តរូប
ខាងស្មារតីដ៏ពិសេសរបស់ប្រជាជាតិចិន ។

លោកប្រធានXi Jinpingបានមាន ប្រសាសន៍ថា “បន្តវេនប្រវត្តិសាស្ត្រឱ្យបានល្អបំផុត គឺបង្កើតប្រវត្តិសាស្ត្រថ្មី” ។ លោក Liang Peiyang ថាគួរតែមានមនុស្សលើសពី៣០០នាក់ហើយ ដែលបានរៀនជំនាញ ឆ្លាក់ចានដុសទឹកខ្មៅពីខ្ញុំក្នុងរយៈពេលជាច្រើនឆ្នាំ។ គេមករៀនជាមួយខ្ញុំកាលនៅក្មេង ទាំងមិនទាន់ចេះអ្វីទាំងអស់ សូម្បីតែគូរគំនូរក៏មិនចេះដែរ ។ ការឆ្លាក់ចានដុសទឹកខ្មៅតម្រូវឱ្យប្រើកាំបិត ហើយកាំបិតឆ្លាក់គឺដូចជាជក់គូរគំនូរ ។ ពេលឆ្លាក់ ចាំបាច់ត្រូវយកកាំបិតឆ្លាក់ទៅតាមពណ៌ និងធាតុផ្សេងៗនៃថ្ម។ បន្ទាប់ពីពួកគេបានរៀនពីខ្ញុំ ពួកគេខ្លះ ក៏បានចេញ ទៅបើកហាងដោយខ្លួនឯង បង្រៀនកូនសិស្សបន្តទៀត ដែលបានផ្សព្វផ្សាយសិប្បកម្មប្រពៃណីនេះ ដល់មនុស្សជាច្រើនទៀត។

ការបន្តវេននិងការច្នៃប្រឌិត ចំពោះជំនាញប្រពៃណី គឺជាកម្លាំងចលករគ្មានទីបញ្ចប់នៃអរិយធម៌ចិន។

កូនប្រុសរបស់លោក LiangPeiyangបាននិយាយថា ៖ ក្នុងនាមជាអ្នកឆ្លាក់ចានដុសទឹកខ្មៅ ជំនាន់ថ្មី ខ្ញុំសង្ឃឹមថាមនុស្សកាន់តែច្រើន អាចយល់ពីវប្បធម៌ប្រពៃណីចិន ដ៏ល្អរបស់យើងតាមរយៈអ៊ីនធឺណិតហើយប្រើប្រាស់គំរូថ្មីដើម្បីឱ្យមនុស្សកាន់តែច្រើនយល់ពីសិប្បកម្មបុរាណ។ឥឡូវនេះ យើងមានគោលនយោបាយ បស់រដ្ឋាភិបាលក្នុងការលើកទឹកចិត្ត ឱ្យពួកយើងធ្វើការផ្សាយ តាមអនឡាញ និងថតវីដេអូខ្លី ដើម្បីបង្ហាញជំនាញនេះ ដូច្នេះខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងថា វប្បធម៌ប្រពៃណីដ៏ល្អនេះ នឹងត្រូវបានផ្សព្វផ្សាយឱ្យកាន់តែប្រសើរឡើង ៕
អត្ថបទ និងរូបភាព ដោយវិទ្យុមិត្តភាពកម្ពុចិន

To Top