ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅម៉ារ៉ុក កើនឡើងដល់ជាង ២,៩០០នាក់

ប្រភព ៖ xinhua

ម៉ារ៉ុក ៖ ក្រសួងមហាផ្ទៃរបស់ប្រទេសនេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ កាលពីថ្ងៃសុក្រ នៅប្រទេសម៉ារ៉ុក បានកើនឡើងដល់ ២,៩០១ នាក់ និងរបួស ២,៥០១ នាក់ផ្សេងទៀត ។

រដ្ឋាភិបាលបានឲ្យដឹងថាក្នុងចំណោមអ្នករងរបួស ១,៤០៤ នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលបុគ្គលិកយោធា និងបុគ្គលិករថយន្តសង្គ្រោះបន្តប្រតិបត្តិការជួយសង្គ្រោះនៅតំបន់កណ្តាលនៃប្រទេសអាហ្វ្រិកខាងជើង។

យោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សជាង ៣០ម៉ឺន នាក់នៅក្នុងទីក្រុងម៉ារ៉ាគិច និងជាយក្រុងរបស់ខ្លួននៅកណ្តាលប្រទេសម៉ារ៉ុក បានរងផលប៉ះពាល់ដោយការរញ្ជួយដី។

មនុស្ស​ជា​ច្រើន​ដែល​ជាប់​នៅ​ក្នុង​ផ្ទះ​បាក់​បែក​ត្រូវ​បាន​ជួយ​សង្គ្រោះ ប៉ុន្តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែង​រក​ទំនង​ជា​ប្រឈម​នឹង​ការ​លំបាក​ជាមួយ​នឹង​ផ្លូវ​ដែល​ស្ទះ​ដោយ​កម្ទេច​កម្ទី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហមបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតមួយចំនួន គឺដាច់ស្រយាល និងជាតំបន់ភ្នំ ដូច្នេះពិបាកក្នុងទៅដល់ ដើម្បីធ្វើប្រតិបត្ដិការជួយសង្គ្រោះ” ។

ការរញ្ជួយដីដ៏ខ្លាំងនេះបានកើតឡើងកាលពីយប់ថ្ងៃសុក្រ ជាមួយនឹងចំណុចកណ្តាលភាគខាងត្បូងនៃទីក្រុងម៉រ៉ាគិច ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមជាមួយនឹងអគារប្រវត្តិសាស្ត្រ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top