ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ បញ្ជាក់ពីឆ្ទៈ ជួយលេីកកម្ពស់សន្ដិភាព​ និងទប់ស្កាត់ការគៀបសង្កត់លើប្រជាជាតិនានា

រូបភាពពី៖​ XINHUA

តេអេរ៉ង់៖​ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានសម្តែងការត្រៀមខ្លួនរបស់ប្រទេសរបស់លោកក្នុងការជួយអង្គការសហប្រជាជាតិ លើកកម្ពស់សន្តិភាព និងសន្តិសុខនៅទូទាំងពិភពលោក និងទប់ស្កាត់ការគៀបសង្កត់លើប្រជាជាតិនានា។

លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅទីក្រុងញូវយ៉ក មុនការជជែកដេញដោលទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ។

លោកបានលើកឡើងថា កិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ គឺជាគោលការណ៍របស់ប្រទេសអ៊ីរ៉ង់ ដោយកត់សម្គាល់ថា “ការទប់ស្កាត់ការទាមទារហួសហេតុពីសំណាក់មហាអំណាចអនុត្តរភាព គឺជាក្តីរំពឹងរបស់ប្រជាជនពិភពលោក ចំពោះអង្គការសហប្រជាជាតិ”។

លោក Raisi បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក Guterres ដោយបានរាយបញ្ជីបេសកកម្ម និងភារកិច្ចសំខាន់ៗមួយចំនួនរបស់អង្គការសហប្រជាជាតិ ជាការបំពេញតាមការទាមទាររបស់ប្រទេសនានាក្នុងការលើកកម្ពស់យុត្តិធម៌ ការលុបបំបាត់ការរើសអើង និងភាពក្រីក្រ និងការធានាសន្តិសុខយូរអង្វែង។

ចំណែកលោក Guterres បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយទីក្រុងតេអេរ៉ង់ និងស្វាគមន៍ ចំពោះការអភិវឌ្ឍន៍ជាវិជ្ជមានក្នុងទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដោយសារប្រទេសទាំងពីរមានឥទ្ធិពលយ៉ាងខ្លាំងលើស្ថិរភាពក្នុងតំបន់៕ ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top