ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ បញ្ជាក់ពីឆន្ទៈ ជួយលើកកម្ពស់សន្ដិភាព​ និងទប់ស្កាត់ការគៀបសង្កត់ លើប្រជាជាតិនានា

Xinhua

តេអេរ៉ង់៖​ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានសម្តែងការត្រៀមខ្លួន របស់ប្រទេសរបស់លោកក្នុងការ ជួយអង្គការសហប្រជាជាតិ លើកកម្ពស់សន្តិភាព និងសន្តិសុខនៅទូទាំងពិភពលោក និងទប់ស្កាត់ការគៀបសង្កត់លើប្រជាជាតិនានា។

លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុង កិច្ចប្រជុំជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres នៅទីក្រុងញូវយ៉ក មុនការជជែកដេញដោលទូទៅ នៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ។

លោកបានលើកឡើងថា កិច្ចសហប្រតិបត្តិការជាមួយ អង្គការសហប្រជាជាតិ គឺជាគោលការណ៍របស់ប្រទេសអ៊ីរ៉ង់ ដោយកត់សម្គាល់ថា “ការទប់ស្កាត់ការទាមទារហួសហេតុ ពីសំណាក់មហាអំណាចអនុត្តរភាព គឺជាក្តីរំពឹងរបស់ប្រជាជនពិភពលោក ចំពោះអង្គការសហប្រជាជាតិ”។

លោក Raisi បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក Guterres ដោយបានរាយបញ្ជីបេសកកម្ម និងភារកិច្ចសំខាន់ៗមួយចំនួន របស់អង្គការសហប្រជាជាតិ ជាការបំពេញតាមការទាមទារ របស់ប្រទេសនានាក្នុងការ លើកកម្ពស់យុត្តិធម៌ ការលុបបំបាត់ការរើសអើង និងភាពក្រីក្រ និងការធានាសន្តិសុខយូរអង្វែង។

ចំណែកលោក Guterres បានបង្ហាញចំណាប់អារម្មណ៍ក្នុងការ ពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយទីក្រុងតេអេរ៉ង់ និងស្វាគមន៍ ចំពោះការអភិវឌ្ឍន៍ជាវិជ្ជមាន ក្នុងទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដោយសារប្រទេសទាំងពីរមានឥទ្ធិពល យ៉ាងខ្លាំងលើស្ថិរភាពក្នុងតំបន់ ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top