ប៊ែរឡាំង ៖ សកម្មជនអាកាសធាតុមក ពីក្រុមបរិស្ថាន Last Generation ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ខែ ដោយគ្មានការដោះលែង នៅទីក្រុងប៊ែរឡាំង ហើយអ្នកនាំពាក្យតុលាការ បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា ការវិនិច្ឆ័យនៅតែរង់ចាំ។
ស្ត្រីអាយុវ័យ ៤១ឆ្នាំរូបនេះ បានចូលរួមក្នុងការបិទផ្លូវជាច្រើន ក្នុងខែតុលា ឆ្នាំ២០២២ ក្នុងករណីពីរដែលភ្ជាប់ខ្លួនលោកស្រី ទៅនឹងផ្លូវជាមួយកាវស្អិត ក្នុងអំឡុងពេលសវនាការ លោកស្រីបានព្យាយាមបន្តការតវ៉ា។
ទោះបីជាការិយាល័យរដ្ឋអាជ្ញា សាធារណៈបានត្រឹមតែស្នើសុំការផាកពិន័យក៏ដោយ ក៏តុលាការបានដាក់ទោសខ្ពស់បំផុតមិនធ្លាប់មាន ចំពោះឧក្រិដ្ឋកម្មប្រភេទនេះនៅក្នុងប្រទេសអាល្លឺម៉ង់ ។ ក្នុងការកាត់ទោសលើកមុនពីបទឧក្រិដ្ឋស្រដៀងគ្នានេះ ការកាត់ទោសដាក់ពន្ធនាគារត្រឹមតែពី៣ទៅ៤ខែប៉ុណ្ណោះត្រូវបានកាត់ចេញ ខណៈករណីផ្សេងទៀត ត្រូវបានទម្លាក់ចោលទាំងស្រុង។
ក្រុមបរិស្ថាន Last Generation បានឲ្យដឹងតាមរយៈបណ្ដាញ X ដែលជាអតីត Twitter ដែល សមាជិកនៃក្រុមនេះត្រូវបានគេស្គាល់ថា ជា Klimakleber (ស្ទីគ័រអាកាសធាតុ) សម្រាប់ការបិទភ្ជាប់ខ្លួនពួកគេជាញឹកញាប់ទៅនឹងផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។
ប្រជាជនអាល្លឺម៉ង់ ភាគច្រើន មិនគាំទ្រ វិធានការរបស់សកម្មជនទេ។ វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមបង្ហាញពីការកើនឡើង នូវអំពើហឹង្សាប្រឆាំង នឹងអ្នកបរិស្ថាន រួមទាំងរថយន្តដែលកំពុងរត់ចូលពួកគេ ។ មន្ត្រីប៉ូលិសម្នាក់ៗក៏កំពុង ត្រូវបានស៊ើបអង្កេតផងដែរ ចំពោះការប្រើកម្លាំងហិង្សាបោសសម្អាតផ្លូវ។
ក្រុមការពារអាកាសធាតុផ្សេងទៀត ក៏កំពុងរិះគន់ Klimakleber ចំពោះទម្រង់នៃការតវ៉ានេះ។ សកម្មជនសង្គម Fridays for Future Luisa Neubauer បានប្រាប់ទស្សនាវដ្តី Stern នាពេលថ្មីៗនេះថា “ប្រតិកម្មសង្គម ដែលអ្នកបង្កើត ដោយខ្លួនឯង ហើយបន្ទាប់មកបរាជ័យ ក្នុងការចាប់យកមកវិញ នៅទីបំផុតនឹងក្លាយជាបញ្ហា សម្រាប់យើងទាំងអស់គ្នា”៕
ប្រែសម្រួល ឈូក បូរ៉ា