ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថ្មី របស់ថៃ បដិសេធព័ត៌មាន តែងតាំងលោក ថាក់ស៊ីន ជាទីប្រឹក្សា

ប្រភព៖ Xinhua

បរទេស ៖ នាយករដ្ឋមន្រ្តីថៃ លោកស្រែថា ថាវីស៊ីន កាលពីថ្ងៃសុក្រ បានបដិសេធ ចំពោះព័ត៌មានថា លោកបាននិយាយថា លោកនឹងតែងតាំងអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាទីប្រឹក្សា ប៉ុន្តែលោកបានបន្ថែមថា លោកស្វាគមន៍ដំបូន្មាន ពីអតីតនាយករដ្ឋមន្ត្រីទាំងអស់ ប្រសិនបើដំបូន្មាននោះ ផ្តល់ផលប្រយោជន៍ដល់ប្រទេស។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នា២០២៣ បានឱ្យដឹងថា លោក ស្រែថា បាន​បញ្ជាក់​ពី​ការ​លើក​ឡើង​ដែល​បាន​ធ្វើ​ឡើង​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Bloomberg ក្នុង​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃ​ព្រហស្បតិ៍។ សារព័ត៌មាននានា បានបកស្រាយការអត្ថាធិប្បាយ របស់លោកថា ជាការបង្ហាញថា លោកថាក់ស៊ីន នឹងទទួលបានតួនាទីជាទីប្រឹក្សា នៅក្នុងរដ្ឋាភិបាល របស់លោកនៅពេល ដែលអតីតនាយករដ្ឋមន្ត្រី ត្រូវបានដោះលែងពីពន្ធនាគារ។

លោក ស្រែថា បានប្រាប់សារព័ត៌មាន Bloomberg ថា “ខ្ញុំជឿថា លោក [ថាក់ស៊ីន] មានតម្លៃក្នុងការបន្ថែមទៅរដ្ឋាភិបាល និងប្រជាជនថៃ” ហើយ “វាជារឿងមិនសមហេតុផល សម្រាប់ខ្ញុំក្នុងការមិនស្វែងរកយោបល់ របស់គាត់ និងពីនាយករដ្ឋមន្រ្តីផ្សេងទៀតផងដែរ” ។

កាលពីថ្ងៃសុក្រ លោក ស្រែថា បានប្រាប់អ្នកសារព័ត៌មាន ឱ្យពិនិត្យមើលបទសម្ភាសន៍ដោយប្រុងប្រយ័ត្ន ដោយទទូចថា លោកមិនដែលនិយាយថា នឹងតែងតាំងលោកថាក់ស៊ីន ជាទីប្រឹក្សានោះទេ ។

លោក​បាន​បន្តថា “ខ្ញុំ​ត្រូវ​បាន​គេ​សួរ​ថា តើ​ខ្ញុំ​នឹង​ពិគ្រោះ​ជាមួយ​លោក​ថាក់ស៊ីន​ដែរ​ឬ​ទេ ហើយ​ខ្ញុំ​បាន​ឆ្លើយ​ថា ខ្ញុំ​នឹង​ពិគ្រោះ​ជាមួយ​អតីត​នាយក​រដ្ឋមន្ត្រី​ទាំង​អស់”។ “អ្នកដំបូងដែលខ្ញុំស្វែងរកដំបូន្មានគឺ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ពេលខ្ញុំឡើងកាន់តំណែង”។

​នាយករដ្ឋមន្រ្តីថៃរូបនេះ ក៏​បាន​និយាយ​ដែរ​ថា​ លោក​បាន​ជួប​អតីត​នាយក​រដ្ឋមន្ត្រី​ផ្សេង​ទៀត​តាំង​ពី​ចូល​កាន់​តំណែង។ គាត់បានទៅលេង លោក Anand Panyarachun នៅផ្ទះរបស់គាត់ ហើយបានជួប Somchai Wongsawat នៅឈៀងម៉ៃ ថែមទៀត៕
ប្រែសម្រួលៈ ណៃ តុលា

To Top