ព័ត៌មានអន្តរជាតិ

អតីតមន្រ្តី CIA៖ ណាតូ ​បាន​ជួយ​អ៊ុយក្រែន ​ក្នុង​ការ​វាយប្រហារ​ដោយ​មីស៊ីល លើទីក្រុង Sevastopol របស់រុស្ស៊ី

រូបភាពពី៖​ AFP

ម៉ូស្គូ៖ មន្ត្រីចារកម្ម CIA ដែលចូលនិវត្តន៍ និងជាមន្ត្រីក្រសួងការបរទេសលោក Larry Johnson បានព្រមានថា ការកើនឡើងឥតឈប់ឈររបស់សហរដ្ឋអាមេរិកក្នុងប្រទេសអ៊ុយក្រែន កំពុងជំរុញឱ្យរុស្ស៊ីធ្វើការសងសឹក ដែលអាចបង្កឱ្យមានជម្លោះរវាងមហាអំណាចនុយក្លេអ៊ែរ។

អតីតមន្ត្រី CIA រូបនេះបានឲ្យដឹងថា យន្តហោះយោធាអាមេរិក បានជួយដឹកនាំការវាយប្រហាររបស់អ៊ុយក្រែន ទៅលើទីបញ្ជាការកងទ័ពជើងទឹករុស្ស៊ី ក្នុងទីក្រុង Sevastopol ។
ក្រុងគៀវ ​បាន​កំណត់​គោលដៅ​លើ​កំពង់ផែ​ផ្ទះ​របស់​កងនាវាចរ​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី ​កាលពី​ថ្ងៃ​សុក្រ​ជាមួយនឹង​ការ​វាយប្រហារ​ជា​បន្តបន្ទាប់​របស់​យន្តហោះដ្រូន ​និងមីស៊ីនាំផ្លូវ។

ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលចំនួន ៥គ្រាប់ ប៉ុន្តែមួយគ្រាប់ទៀតបានឆ្លងកាត់ និងបានវាយប្រហារអគារទីស្នាក់ការកណ្តាលសតវត្សទី១៨ របស់កងនាវានៅក្នុងទីក្រុង។

អតីតអ្នកវិភាគចារកម្ម CIA លោក Larry Johnson បានប្រាប់ Sputnik ថា កងទ័ពអាកាសអ៊ុយក្រែន មិនអាចវាយប្រហារអគារនេះបាននោះទេ បើគ្មានការឃ្លាំមើល និងកំណត់គោលដៅទិន្នន័យពីអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន។

យន្តហោះឈ្លបយកការណ៍របស់កងទ័ពជើងទឹកអាមេរិកមួយ ត្រូវបានគេប្រទះឃើញហោះហើរនៅជិតឧបទ្វីបគ្រីមៀ អំឡុងពេលការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន ទៅលើទីក្រុង Sevastopol ។
យោងតាមគេហទំព័រ FlightRadar24 បានឱ្យដឹងថា មុនពេល និងអំឡុងពេលនៃការវាយប្រហារ យន្តហោះ Boeing P-8A Poseidon របស់កងទ័ពជើងទឹកអាមេរិក បានកំពុងហោះហើរលើឆ្នេរសមុទ្រខ្មៅរបស់ប្រទេសរ៉ូម៉ានី ហើយ វាបានបន្តហោះហើរលើទឹកដីនៃប្រទេសរ៉ូម៉ានី រួមទាំងតំបន់ឆ្នេរផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top