ព័ត៌មានអន្តរជាតិ

រថក្រោះអាមេរិក Abrams មកដល់ទឹកដី អ៊ុយក្រែន ជាលើកដំបូង

US Army

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃចន្ទម្សិលមិញនេះ បានអះអាងថាប្រទេសអ៊ុយក្រែន បានទទួលកញ្ចប់រថក្រោះផលិត នៅអាមេរិក Abrams ជាលើកដំបូង តាមការសន្យា របស់សហរដ្ឋអាមេរិកហើយ។

យោងតាមការចេញ ផ្សាយរបស់ RT ការអះអាងដោយប្រធានាធិបតីរូបនេះ ត្រូវបានធ្វើឡើងនៅក្នុងបណ្តាញ Telegram ហើយក្នុងនោះ លោកប្រធានាធិបតី បានគូសបញ្ជាក់ទៀតថា រថក្រោះទាំងនោះ នឹងអាចជួយពង្រឹង សមត្ថភាពកងពលរបស់ខ្លួនឡើងវិញ ព្រមទាំងបានថ្លែងអំណរគុណ ដល់សម្ព័ន្ធមិត្តដែលបានជួយគាំទ្រ ដល់ផែនការនេះផងដែរ។

ការមកដល់នៃ Abrams ត្រូវបានរាយការណ៍ ជាលើកដំបូង ដោយកាសែត New York Times ដែលបានដកស្រង់សម្តី មន្ត្រីការពារជាតិ អាមេរិកពីររូប ដែលនិយាយថារថក្រោះបានមកដល់អ៊ុយក្រែនច្រើន ខែមុនការប៉ាន់ស្មានដំបូង។

ទាំងប្រភពរបស់ The New York Times និងដោយលោក Zelensky ក្តីមិនបានបញ្ជាក់ទេថា តើរថក្រោះ Abrams សរុបមានចំនួនប៉ុន្មាន ដែលអ៊ុយក្រែន បានទទួលរហូតមកដល់ពេលនេះ ។

កាលពីចុង ខែសីហា Politico បានរាយការណ៍ថា សហរដ្ឋអាមេរិក គ្រោងនឹងបញ្ជូនរថក្រោះដំបូង ចំនួន១០គ្រឿង ក្នុងចំណោមរថក្រោះចំនួន៣១គ្រឿង ដែលបានសន្យា ដោយប្រធានាធិបតី Joe Biden នៅចុងខែមករា ឬពាក់កណ្តាលខែកញ្ញា៕
ប្រែសម្រួល៖ស៊ុនលី

To Top