ព័ត៌មានអន្តរជាតិ

របួសជាង៥០នាក់ ក្នុងពេលតវ៉ាដ៏ធំនៅរដ្ឋភាគឦសានប្រទេសឥណ្ឌា ក្រោយមានករណីសម្លាប់ និស្សិត២នាក់

រូបភាពពី៖​ Special Arrangement

ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ ក្រុមសិស្សានុសិស្សជាង៥០នាក់បានរងរបួស នៅក្នុងអំឡុងពេលនៃការតវ៉ាដ៏ធំប្រឆាំងនឹងការសម្លាប់និស្សិត២នាក់នៅរដ្ឋ Manipur ស្ថិតនៅភាគឦសាននៃប្រទេសឥណ្ឌា ។

មន្ត្រីបានលើកឡើងកាលពីថ្ងៃអង្គារថា សិស្សរាប់រយនាក់នៅក្រុង Imphal បានដើរតាមផ្លូវដើម្បីតវ៉ាប្រឆាំងនឹងការសម្លាប់យ៉ាងព្រៃផ្សៃមកលើសិស្ស២នាក់ដោយជនសង្ស័យប្រដាប់អាវុធដោបពួកគេទាមទារយុត្តិធម៌ដល់ជនរងគ្រោះទាំងនេះ ។

គេឃើញកងកម្លាំងរដ្ឋាភិបាលបានប្រើគ្រាប់ផ្លោងបញ្ចេញឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែង ហើយបានប្រើដំបងឆក់ដើម្បីបំបែកក្រុមបាតុករ ហើយសកម្មភាពរបស់ប៉ូលិសបានធ្វើឱ្យក្រុមបាតុកររាប់សិបនាក់រងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ។

គួរបញ្ជាក់ថា ការតវ៉ានេះបានកើតឡើង ក្រោយពីរូបថតសាកសពក្មេងស្រីអាយុ១៧ឆ្នាំ និងបុរសអាយុ២០ឆ្នាំបានបង្ហោះឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយសិស្សទាំងនោះបានបាត់ខ្លួនកាលពីខែកក្កដា នៅក្នុងអំឡុងពេលមានអំពើហិង្សាជនជាតិភាគតិចនៅក្នុងរដ្ឋខាងលើ ។

រដ្ឋាភិបាល Manipur បានស្នើឱ្យប្រជាជនមានការអត់ធ្មត់ និងអនុញ្ញាតឱ្យអាជ្ញាធរធ្វើការស៊ើបអង្កេតលើការសម្លាប់អ្នកទាំង២នាក់នេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយលេខាធិការដ្ឋានរបស់នាយករដ្ឋមន្ត្រីកាលពីយប់ថ្ងៃចន្ទ បានឲ្យដឹងថា រដ្ឋាភិបាលរដ្ឋនេះបានបញ្ជាក់ថា ករណីនេះត្រូវបានប្រគល់ទៅឲ្យការិយាល័យកណ្តាលនៃការស៊ើបអង្កេត ហៅកាត់ (CBI) រួចហើយ ដើម្បីចាត់ការលើការងារនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top