បរទេស៖ កងកម្លាំងប្រដាប់អាវុធហ្វីលីពីន បាននិយាយកាលពីថ្ងៃពុធថា ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិកនឹងធ្វើសមយុទ្ធយោធា ដែនសមុទ្រប្រចាំឆ្នាំដែលមានឈ្មោះថា Samasama ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី១៣ ខែតុលា នៅតំបន់ភាគខាងត្បូងនៃកោះ Luzon ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាម សេចក្តីថ្លែងការណ៍របស់កងកម្លាំង ប្រដាប់អាវុធហ្វីលីពីនថា “កងទ័ពជើងទឹកហ្វីលីពីនគ្រោងនឹង ធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធ PH-US SAMASAMA នៅឆ្នាំនេះ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៣ នៅឯតំបន់ប្រតិបត្តិការ កងទ័ពជើងទឹកភាគខាងត្បូង Luzon (NFSL) ។ SAMASAMA គឺជាសមយុទ្ធទ្វេភាគីរវាង កងទ័ពជើងទឹកសហរដ្ឋអាមេរិក (USN) និងកងទ័ពជើងទឹកហ្វីលីពីន (PN)។
សមយុទ្ធនេះត្រូវបានគេរំពឹងថា នឹងពង្រឹងសមត្ថភាពធ្វើសង្គ្រាម កងទ័ពជើងទឹករបស់ប្រទេសហ្វីលីពីន ដូចជាកម្លាំងប្រយុទ្ធនៅឯ នាយសមុទ្រសម្រាប់ប្រតិបត្តិការ សន្តិសុខដែនសមុទ្រ និង “គ្របដណ្តប់មូលដ្ឋានគ្រឹះ នៃសង្គ្រាមប្រឆាំងនាវាមុជទឹក សង្គ្រាមប្រឆាំងផ្ទៃទឹក សង្គ្រាមប្រឆាំងដែនអាកាស និងសង្គ្រាមអេឡិចត្រូនិក” ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងប៉េកាំងបានណែនាំហ្វីលីពីន ឱ្យជៀសវាងការបង្កហេតុណាមួយ នៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។
កាលពីដើមសប្តាហ៍នេះ កាសែតហ្វីលីពីន The Manila Times បានរាយការណ៍ថា ហ្វីលីពីនបានដករបាំងបណ្តែតទឹក នៅក្នុងសមុទ្រចិនខាងត្បូង ដោយនិយាយថា របាំងនេះត្រូវបានដាក់ដោយ ខុសច្បាប់ដោយឆ្មាំសមុទ្រចិន នៅជិតតំបន់ជម្លោះ Scarborough Shoal ។ Scarborough Shoal ស្ថិតនៅចម្ងាយប្រហែល ១២៣ ម៉ាយពីខាងលិចឈូងសមុទ្រ Subic ដែលជាតំបន់ត្រូវបានទាមទារដោយហ្វីលីពីន ចិន និងកោះតៃវ៉ាន់ ៕
ប្រែសម្រួលៈ ណៃ តុលា