ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បដិសេធថា ខ្លួនមិនបានជួយក្រុមហាម៉ាស រៀបចំផែនការវាយប្រហារដ៏ធំ ទៅលើអ៊ីស្រាអែលនោះទេ

រូបភាពពី៖​ AFP

បរទេស៖ ទីក្រុងតេអេរ៉ង់បានបដិសេធការចោទប្រកាន់ថាខ្លួនបានជួយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនក្នុងការរៀបចំផែនការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល ទៅលើអ៊ីស្រាអែលដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ថានបេសកកម្មរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា “ការសម្រេចចិត្តដែលធ្វើឡើងដោយការតស៊ូរបស់ប៉ាឡេស្ទីនគឺមានស្វ័យភាពយ៉ាងខ្លាំងក្លា និងស្របទៅនឹងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន”។ យើងមិនពាក់ព័ន្ធនឹងការឆ្លើយតបរបស់ប៉ាឡេស្ទីននោះទេ ព្រោះវាត្រូវបានធ្វើឡើងដោយប៉ាឡេស្ទីនតែម្នាក់ឯង»។

កាលពីថ្ងៃអាទិត្យ កាសែត Wall Street Journal បានដកស្រង់ប្រភពជាច្រើន រួមទាំងសមាជិកមិនបញ្ចេញឈ្មោះនៃក្រុមសកម្មប្រយុទ្ធ Hamas និង Hezbollah ដោយនិយាយថា មន្ត្រីមកពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ បានជួយរៀបចំផែនការវាយប្រហារលើអ៊ីស្រាអែលតាំងពីខែសីហា។ វាក៏ “បានផ្តល់ភ្លើងខៀវ” សម្រាប់ប្រតិបត្តិការ កាលពីនៅឯកិច្ចប្រជុំមួយនៅទីក្រុង Beirut ប្រទេសលីបង់កាលពីថ្ងៃចន្ទមុន ផងដែរ។

លោក Ghazi Hamad អ្នកនាំពាក្យក្រុមហាម៉ាស់បានប្រាប់ BBC ថា ក្រុមសកម្មប្រយុទ្ធមាន “ការគាំទ្រដោយផ្ទាល់” ពីប្រទេសអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ Ali Baraka ដែលជាមន្ត្រីក្រុមហាម៉ាស់ម្នាក់ទៀតបានទទូចនៅក្នុងបទសម្ភាសន៍ជាមួយ NBC News ថា ទីក្រុងតេហេរ៉ង់ មិនត្រូវបានគេជូនដំណឹងអំពី “ប្រតិបត្តិការ Al-Aqsa Flood” ជាមុននោះទេ។ លោកបាននិយាយថា «វាជាការភ្ញាក់ផ្អើលសម្រាប់អ្នករាល់គ្នា រួមទាំងប្រទេសអ៊ីរ៉ង់» ផងដែរ។

ទោះបីជារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា សេតវិមានមិនទាន់ឃើញភស្តុតាងនៃការជាប់ពាក់ព័ន្ធរបស់អ៊ីរ៉ង់ ក៏ដោយ ក៏មន្ត្រីអ៊ីស្រាអែល និងអាមេរិកមួយចំនួនបានចោទសាធារណរដ្ឋអ៊ីស្លាមថា បានឃុបឃិតជាមួយក្រុមហាម៉ាស៕ ប្រែសម្រួលៈ ណៃ តុលា

To Top