ព័ត៌មានអន្តរជាតិ

ជនបរទេសត្រូវបានសម្លាប់ បាត់ខ្លួន ឬចាប់ពង្រត់ នៅក្នុងការវាយប្រហារ​ របស់ក្រុមហាម៉ាស លើអ៊ីស្រាអែល

រូបភាពពី៖​ AFP

បរទេស៖ ជនបរទេសរាប់សិបនាក់ត្រូវបានសម្លាប់ រងរបួស ឬចាប់ជាចំណាប់ខ្មាំង អំឡុងពេលការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ដែលបានបណ្តាលឱ្យមនុស្ស ៨០០ នាក់ស្លាប់ ដែលភាគច្រើនជាជនជាតិអ៊ីស្រាអែល។

បើតាមប្រភពពីសារព៏ត៌មាន AFP បានឱ្យដឹងថា ជនបរទេសដែលបាត់ខ្លួនជាច្រើននាក់បានចូលរួមក្នុងពិធីបុណ្យតន្ត្រីអេឡិចត្រូនិកមួយនៅវាលខ្សាច់ភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ដែលក្នុងនោះអ្នកសំដែងជាច្រើនត្រូវបានសម្លាប់។

-ប្រទេសថៃ៖ ស្លាប់១២នាក់ ចំណាប់ខ្មាំង១១នាក់
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោកស្រី Kanchana Patarachoke បាននិយាយកាលពីថ្ងៃចន្ទថា ពលករថៃ១២នាក់បានស្លាប់ ៨នាក់រងរបួស និង១១នាក់ត្រូវបានចាប់ខ្លួន។

រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Phiphat Ratchakitprakarn បាននិយាយថា មានពលករថៃប្រមាណ ៥.០០០នាក់ កំពុងធ្វើការនៅតំបន់ដែលរងគ្រោះដោយការប្រយុទ្ធគ្នា ដែលកំពុងត្រូវបានផ្លាស់ទៅទីទួលសុវត្ថិភាព។

-អាមេរិក៖ ស្លាប់១១នាក់ និងបាត់ខ្លួន –
សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានបញ្ជាក់ពីការស្លាប់របស់ពលរដ្ឋអាមេរិកយ៉ាងហោចណាស់ ១១ នាក់ ហើយបាននិយាយថា វា “ទំនងជា” ដែលជនជាតិអាមេរិកស្ថិតក្នុងចំណោមចំណាប់ខ្មាំងដែលត្រូវបានក្រុមហាម៉ាសចាប់ឃុំខ្លួន។

លោកប្រធានាធិបតី Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គួរឱ្យសោកស្តាយ ឥឡូវនេះយើងដឹងថា យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកចំនួន ១១ នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ ដែលភាគច្រើនជាអ្នកតាំងទីលំនៅទីពីរនៅក្នុងប្រទេសអ៊ីស្រាអែល” ។

-នេប៉ាល់៖ ស្លាប់១០នាក់
ស្ថានទូតសាធារណរដ្ឋហិមាល័យនៅទីក្រុង តែលអាវែវ បាននិយាយកាលពីថ្ងៃអាទិត្យថា ពលរដ្ឋនេប៉ាល់ចំនួន ១០ នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង Kibbutz Alumim ដែលជាចំណុចមួយនៃការវាយលុករបស់ពួកហាម៉ាស។

ស្ថានទូតបានបន្ថែមថា មនុស្សបួននាក់ផ្សេងទៀតកំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈដែលការស្វែងរកកំពុងដំណើរការសម្រាប់មនុស្សទីប្រាំ។

Kibbutz Alumim កំពុងទទួលសិស្ស ១៧ នាក់នៅពេលមានការវាយប្រហារ។

  • អាហ្សង់ទីន៖ ស្លាប់ ៧នាក់ និងបាត់ខ្លួន ១៥នាក់
    ក្រសួងការបរទេសរបស់ប្រទេសអាហ្សង់ទីនកាលពីថ្ងៃចន្ទបានអះអាងថា ជនជាតិចំនួន៧នៃប្រទេសនេះត្រូវបានសម្លាប់ និង ១៥ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

-អ៊ុយក្រែន៖ ស្លាប់២នាក់
អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Oleg Nikolenko បាននិយាយកាលពីថ្ងៃអាទិត្យថា ស្ត្រីជនជាតិអ៊ុយក្រែន២នាក់ដែលបានរស់នៅក្នុងប្រទេសអ៊ីស្រាអែលអស់រយៈពេលជាច្រើនឆ្នាំត្រូវបានសម្លាប់។

-បារាំង៖ ស្លាប់២នាក់ និងបាត់ខ្លួន១៤នាក់
រដ្ឋាភិបាល​បារាំង​បាន​និយាយ​ថា ប្រជាជន​បារាំង​២នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​របស់​ក្រុម​ហាម៉ាស​ប្រឆាំង​នឹង​អ៊ីស្រាអែល។

ក្រសួង​ការ​បរទេស​បារាំង​បាន​និយាយ​ថា ក្មេង​អាយុ​១២​ឆ្នាំ​ម្នាក់​ស្ថិត​ក្នុង​ចំណោម​ជន​ជាតិ​ខ្លួន​១៤​នាក់​ដែល​បាត់​ខ្លួន​បន្ទាប់​ពី​ក្រុម​ហាម៉ាស់​បាន​បើក​ការ​វាយ​ប្រហារ​ដ៏​សាហាវ​ចូល​ក្នុង​ប្រទេស​អ៊ីស្រាអែល ដោយ​ហៅ​ស្ថានភាព​នេះ​ថា​ជា​ការ​ព្រួយ​បារម្ភ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ផ្អែកលើព័ត៌មានដែលយើងមាន យើងចាត់ទុកថាវាទំនងជាខ្ពស់ដែលថាពួកគេមួយចំនួនត្រូវបានចាប់ពង្រត់” ដោយបន្ថែមថា “ចំនួននេះនៅតែអាចផ្លាស់ប្តូរ”។

-រុស្ស៊ី៖ ស្លាប់ ១នាក់ និងបាត់ខ្លួន ៤ នាក់
ស្ថានទូតរុស្ស៊ីនៅទីក្រុង តែលអាវែវ បានប្រកាសនៅថ្ងៃចន្ទនេះ ដោយបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា យ៉ាងហោចណាស់ជនជាតិរុស្ស៊ីម្នាក់បានស្លាប់ និង ៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

  • ចក្រភព​អង់គ្លេស ៖ ស្លាប់​១​នាក់ និង​បាត់​ខ្លួន​១​នាក់ –
    ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​ប្រទេស​អង់គ្លេស​បាន​និយាយ​ថា មាន​ពលរដ្ឋ​អង់គ្លេស​អាយុ ២៦ ឆ្នាំ​ម្នាក់​បាន​បាត់​ខ្លួន ដោយ​មិន​បញ្ចេញ​ឈ្មោះ​នោះ​ទេ។

គ្រួសាររបស់គាត់បាននិយាយកាលពីថ្ងៃអាទិត្យថា បុរសជនជាតិអង់គ្លេសម្នាក់ដែលកំពុងបម្រើក្នុងជួរកងទ័ពអ៊ីស្រាអែល Nathanel Young អាយុ ២០ ឆ្នាំក៏បានស្លាប់នៅក្នុងការប្រយុទ្ធជាមួយក្រុមហាម៉ាសផងដែរ។

-កាណាដា៖ ស្លាប់១នាក់ និងបាត់ខ្លួន៣នាក់ –
រដ្ឋាភិបាលកាណាដាបាននិយាយកាលពីថ្ងៃចន្ទថា ជនជាតិកាណាដាម្នាក់បានស្លាប់ និងបីនាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

-កម្ពុជា៖ ស្លាប់ ១នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ថា និស្សិត​ខ្មែរ​ម្នាក់​ត្រូវ​បាន​គេ​សម្លាប់។

  • អាល្លឺម៉ង់៖ ចំណាប់ខ្មាំងជាច្រើននាក់
    ប្រភព​ក្រសួង​ការ​បរទេស​អាល្លឺម៉ង់​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ជនជាតិ​អាឡឺម៉ង់ កាត់អ៊ីស្រាអែល ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ពង្រត់។

-ប្រេស៊ីល៖ បាត់ខ្លួន៣នាក់
ក្រសួងការបរទេសរបស់ប្រទេសប្រេស៊ីលបាននិយាយកាលពីថ្ងៃអាទិត្យថា ជនជាតិប្រេស៊ីលដើមកំណើតអ៊ីស្រាអែល ៣នាក់បានបាត់ខ្លួនបន្ទាប់ពីបានចូលរួមពិធីបុណ្យនេះ។

  • ឈីលី៖ បាត់ខ្លួន ២ នាក់
    ក្រសួង​ការ​បរទេស​ស៊ីលី​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ​ថា ជន​ជាតិ​ខ្លូនពីរ​

នាក់​កំពុង​បាត់​ខ្លួន។ ប្តីប្រពន្ធនេះរស់នៅមិនឆ្ងាយពីព្រំដែនអ៊ីស្រាអែលជាមួយហ្គាហ្សា។

-អ៊ីតាលី៖ បាត់ខ្លួន២នាក់
រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បាននិយាយថា ជនជាតិអ៊ីស្រាអែលដើមកំណើតអ៊ីតាលីពីរនាក់បានបាត់ខ្លួន។

  • ប៉ារ៉ាហ្គាយ៖ បាត់ខ្លួន ២ នាក់ –
    រដ្ឋាភិបាលប៉ារ៉ាហ្គាយបាននិយាយថា ជនជាតិប៉ារ៉ាហ្គាយពីរនាក់ ដែលធ្លាប់រស់នៅក្នុងប្រទេសអ៊ីស្រាអែល បានបាត់ខ្លួន ដោយមិនបានផ្តល់ព័ត៌មានលម្អិត។
  • ប៉េរូ៖ បាត់ខ្លួន ២ នាក់
    ក្រសួង​ការ​បរទេស​ប៉េរូ​បាន​និយាយ​ថា ជន​ជាតិ​ពីរ​នាក់​បាន​បាត់​ខ្លួន ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ទេ។
  • តង់ហ្សានី៖ បាត់ខ្លួន ២ នាក់
    ឯកអគ្គរដ្ឋទូតតង់ហ្សានីប្រចាំប្រទេសអ៊ីស្រាអែលបានប្រាប់ AFP ថាជនជាតិតង់ហ្សានីពីរនាក់បានបាត់ខ្លួន។
  • ម៉ិកស៊ិក៖ ២នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង
    រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក Alicia Barcena បានសរសេរនៅលើ X ដែលជាអតីត Twitter ថា ជនជាតិម៉ិកស៊ិកពីរនាក់ គឺ បុរស និងស្រ្តីម្នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម។
  • កូឡុំប៊ី៖ ២នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង
    ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសកូឡុំប៊ីបាននិយាយនៅលើ X. ជនជាតិកូឡុំប៊ីពីរនាក់ដែលចូលរួមក្នុងពិធីបុណ្យ Supernova បានបាត់ខ្លួន។
  • ប៉ាណាម៉ា៖ បាត់ខ្លួន ១ នាក់ និង អៀរឡង់ បាត់ខ្លួនម្នាក់៕
  • ប្រែសម្រួលៈ ណៃ តុលា
To Top