ព័ត៌មានអន្តរជាតិ

ឡាវ ប្រកាសឲ្យមានការប្រុងប្រយ័ត្ន ខណៈព្យុះទីហ្វុង Koinu នឹងធ្វើដំណើរ ឆ្លងកាត់ទឹកដីរបស់ខ្លួន

រូបភាពពី៖​ AFP

វៀងច័ន្ទ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ថា ពលរដ្ឋឡាវ ត្រូវបានជំរុញឱ្យត្រៀមខ្លួនសម្រាប់ទទួលរងនូវឥទ្ធិពលដែលអាចកើតមានឡើងដោយសារព្យុះទីហ្វុង Koinu ដែលនឹងឆ្លងកាត់ប្រទេសឡាវគិតចាប់ពីថ្ងៃទី៩រហូតដល់ថ្ងៃទី១៥ ខែតុលា ដោយនាំមកនូវទឹកភ្លៀង ផ្គរ រន្ទះ និងខ្យល់បក់បោកខ្លាំងម្តងម្កាលនៅទូទាំងប្រទេសនេះ ។

របាយការណ៍ដែលចេញផ្សាយដោយនាយកដ្ឋានឧតុនិយម និងជលសាស្ត្រស្ថិតក្រោមឳវាទក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ នៅថ្ងៃអង្គារ នេះបានឲ្យដឹងថា ភ្លៀង និងខ្យល់បោកបក់ខ្លាំងត្រូវបានព្យាករណ៍សម្រាប់ខេត្ត Phongsaly, Huaphan និង Xieng Khuang ។

នៅភាគពាយព្យ គេឃើញមានភ្លៀងធ្លាក់តិចតួច និងខ្យល់បក់ខ្លាំង ទំនងជានៅផ្នែកខ្លះនៃខេត្ត Luang Namtha, Bokeo, Oudomxay, Luang Prabang និងខេត្ត Xayaboury ។

ចំណែកខេត្តភាគកណ្តាលនៃទីក្រុងវៀងច័ន្ទ មានដូចជា បូ Bolikhamxay និងខេត្ត Khammuan ក៏នឹងមានភ្លៀងធ្លាក់តិចតួច និងមានខ្យល់កន្រ្តាក់កើតឡើង ។

ចំណែកនៅប៉ែកខាងត្បូងនឹងមានផ្គររន្ទះ និងខ្យល់បក់បោកខ្លាំងនៅតំបន់មួយចំនួននៃខេត្ត Champasak, Sekong ខេត្ត Attapeu ។

ការិយាល័យខាងលើនេះបានឲ្យដឹងថា សាធារណជនត្រូវបានណែនាំឲ្យតាមដានការព្យាករណ៍អាកាសធាតុនេះ ។

ផ្ទះជាច្រើនខ្នងក្នុងខេត្តវៀងច័ន្ទ និងខេត្ត Xayaboury បច្ចុប្បន្នត្រូវបានជន់លិចដោយសារតែភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ប៉ុន្តែអាជ្ញាធរមូលដ្ឋានមិនទាន់អាចវាយតម្លៃពីទំហំនៃការខូចខាតនេះនៅឡើយទេ ៕​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top