ព័ត៌មានអន្តរជាតិ

បក្សប្រឆាំងមួយនៅជប៉ុន ដកសមាជិកសភាម្នាក់ ចេញ ក្រោយធ្វើទស្សនកិច្ច នៅរុស្ស៊ី ដោយមិនបានជូនដំណឹង

រូបភាពពី៖​ KYODO

តូក្យូ៖ ប្រភពគណបក្សមួយបានឲ្យដឹងថា គណបក្សប្រឆាំងជប៉ុនមួយ បានសម្រេចចិត្តកាលពីថ្ងៃអង្គារដើម្បីដកសមាជិកសភាម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូសម្រាប់ដំណើរទស្សនកិច្ចនៅប្រទេសរុស្ស៊ី ក្នុងខែនេះដោយមិនផ្តល់ការជូនដំណឹងជាមុន។

សមាជិកជាន់ខ្ពស់នៃគណបក្សនវានុវត្តន៍ជប៉ុនបានសម្រេចចិត្តលើការដកលោក Muneo Suzuki ចេញពីកិច្ចប្រជុំរបស់ពួកគេ ចំពេលមានការអំពាវនាវឱ្យមានវិធានការវិន័យយ៉ាងតឹងរឹង បន្ទាប់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសរុស្ស៊ី បានបង្ហាញថា លោក Suzuki បានលើកឡើងថាលោកមាន “ទំនុកចិត្ត ១០០ភាគរយ” នៅក្នុងប្រទេសរុស្ស៊ី ក្នុងការឈ្នះសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនក្នុងអំឡុងពេលធ្វើដំណើររបស់លោកកាលពីថ្ងៃទី០១ ខែតុលា។

សមាជិកទាំងអស់ត្រូវមានកាតព្វកិច្ចជូនដំណឹងដល់គណបក្សអំពីការធ្វើដំណើរក្រៅប្រទេសជាផ្លូវការណាមួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

យោង​តាម​ក្រសួង​ការ​បរទេស​រុស្ស៊ី លោក Suzuki សមាជិក​សភា​ជើង​ចាស់​មក​ពី​កោះហុកកៃដូ ភាគ​ខាងជើង​ប្រទេស​ជប៉ុន បាន​ជួប​ជាមួយ​អនុរដ្ឋមន្ត្រី​ការ​បរទេស​លោក Andrey Rudenko។ វាគឺជាដំណើរទស្សនកិច្ចដំបូងគេបង្អស់ ដែលត្រូវបានគេស្គាល់ដោយសមាជិកសភាជប៉ុន ទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីការឈ្លានពានអ៊ុយក្រែន បានចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំមុន។

លោក Suzuki បានធ្វើដំណើរទស្សនកិច្ចនេះ បើទោះបីជាមានការណែនាំរបស់រដ្ឋាភិបាលជប៉ុនបានជំរុញឱ្យជនជាតិរបស់ខ្លួន រួមទាំងសមាជិកសភា ជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី “ដោយមិនគិតពី” គោលបំណងនៃដំណើរទស្សនកិច្ចរបស់ពួកគេ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top