ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន អំពាវនាវឲ្យមានការបើកផ្លូវ សម្រាប់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ឲ្យបានឆាប់

AFP

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យមានការបើកផ្លូវសម្រាប់ជំនួយមនុស្សធម៌យ៉ាងឆាប់រហ័ស និងគ្មានការរារាំងទៅកាន់តំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង ដែលក្រុមហាម៉ាស់ឃុំខ្លួន។

លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅក្នុងពេលវេលាដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ខណៈដែលយើងកំពុងស្ថិតនៅជិតទីជ្រៅបំផុតនៅមជ្ឈិមបូព៌ា វាជាកាតព្វកិច្ចរបស់ខ្ញុំក្នុងនាមជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការធ្វើការអំពាវនាវផ្នែកមនុស្សធម៌ដ៏រឹងមាំពីរ”

លោកបានបន្ថែមថា “ចំពោះក្រុមហាម៉ាស ចំណាប់ខ្មាំងត្រូវតែត្រូវបានដោះលែងភ្លាមៗដោយគ្មានលក្ខខណ្ឌ ហើយចំពោះអ៊ីស្រាអែល ការចូលប្រើប្រាស់ជំនួយមនុស្សធម៌យ៉ាងឆាប់រហ័ស និងគ្មានការរារាំង ត្រូវតែផ្តល់ សម្រាប់ការផ្គត់ផ្គង់មនុស្សធម៌ និងកម្មករ សម្រាប់ជាប្រយោជន៍ដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា”

ប្រធានអង្គការសហប្រជាជាតិបានលើកឡើងថា “គោលបំណងនីមួយៗក្នុងចំនោមវត្ថុទាំងពីរនេះមានសុពលភាពនៅក្នុងខ្លួនគេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អង្គការសហប្រជាជាតិមានស្តុកអាហារ ទឹក របស់របរមិនមែនម្ហូបអាហារ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងប្រេងឥន្ធនៈ ដែលមានទីតាំងនៅប្រទេសអេហ្ស៊ីប ហ្ស៊កដានី វេសប៊ែង និងអ៊ីស្រាអែល។ ទំនិញទាំងនេះអាចត្រូវបានបញ្ជូនក្នុងរយៈពេលប៉ុន្មានម៉ោង។

លោកបន្ដថា ដើម្បីធានាបាននូវការចែកចាយ បុគ្គលិក និងដៃគូរបស់អង្គការសហប្រជាជាតិត្រូវតែអាចនាំយកការផ្គត់ផ្គង់ទាំងនេះចូលទៅក្នុង និងទូទាំងតំបន់ហ្គាហ្សា ដោយសុវត្ថិភាព និងគ្មានការរារាំងក្នុងការចែកចាយដល់អ្នក ដែលត្រូវការជំនួយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top