ព័ត៌មានអន្តរជាតិ

FBI ៖ អ៊ីរ៉ង់និងក្រុមហាម៉ាស មានផែនការ សម្លាប់ក្រុមមន្ត្រីអាមេរិក

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានទីភ្នាក់ងារ សំងាត់FBI លោក Christopher Wray បានអះអាងកាលពីថ្ងៃពុធថា អ៊ីរ៉ង់គ្រោង នឹងធ្វើឃាតមន្ត្រី អាមេរិកបច្ចុប្បន្ន និង អតីតមន្ត្រី FBI ខណៈលោកបានព្រមាន អំពីការគំរាមកំហែង ភេរវកម្មកើនឡើង ក្នុងអំឡុងពេលសវនាការព្រឹទ្ធសភា។

នៅក្នុងសេចក្តីថ្លែងការណ៍បើករបស់គាត់ទៅកាន់គណៈកម្មាធិការសន្តិសុខ មាតុភូមិ លោក Wray បាននិយាយថា ការគំរាមកំហែងភេរវកម្ម នៅសហរដ្ឋអាមេរិក ត្រូវបានកើនឡើងពេញមួយ ឆ្នាំ២០២៣នេះ ប៉ុន្តែបានកើនឡើង ដល់កម្រិតមួយផ្សេងទៀត ដោយសារតែជម្លោះ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីនហាម៉ាស។

លោកបានបន្ថែមថា FBI ជឿថាការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលដោយក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ដែលក្នុងនោះជនជាតិអ៊ីស្រាអែល រហូតដល់១៤០០នាក់ត្រូវបានសម្លាប់ អាចបំផុសគំនិត ពួកជ្រុលនិយមផ្សេងទៀត ឱ្យធ្វើការវាយប្រហារប្រឆាំងនឹងជនជាតិអាមេរិក រស់នៅក្នុងជីវិត ប្រចាំថ្ងៃរបស់ពួកគេ។

លោក Wray បានអះអាងបន្ថែមទៀតថា អ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ថា ជា អ្នកឧបត្ថម្ភរដ្ឋធំជាងគេ លើពិភពលោកនៃអំពើភេរវកម្ម ពីមុនបានប៉ុនប៉ង ធ្វើឃាតដោយផ្ទាល់ ឬដោយប្រយោលប្រឆាំង នឹងអ្នកប្រឆាំងរបស់ខ្លួន ជាពិសេសក្រុមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អាមេរិកបច្ចុប្បន្ន និងអតីត រួមទាំងនៅទីនេះនៅលើដីអាមេរិកផង។

គួរឲ្យដឹងដែរថាប្រធាន FBI លោកChristopher Wray ក៏បានអះអាងដែរថា ក្រៅពីនោះក្រុមហាម៉ាស ក៏អាចព្យាយាមបើកការវាយប្រហារ លើទឹកដីអាមេរិកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top