បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលការអញ្ជើញរបស់មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី សម្រាប់កិច្ចប្រជុំមួយ ដោយលោកនិយាយថា វានឹងជា “មិនសមរម្យ” ដើម្បីធ្វើទស្សនកិច្ចបែបនេះ នៅពេលដែលរដ្ឋបាលរបស់អ្នកស្នងតំណែងលោកគឺលោក ចូ បៃដិន កំពុងត្រួតពិនិត្យទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់សារព័ត៌មានអាមេរិក Newsmax ថា “ខ្ញុំមានការគោរពយ៉ាងខ្លាំងចំពោះប្រធានាធិបតី ហ្សេលេនស្គី ប៉ុន្តែខ្ញុំគិតថាវាមិនសមរម្យទេក្នុងការទៅអ៊ុយក្រែននៅពេលនេះ” ។ “បច្ចុប្បន្នរដ្ឋបាលលោក ចូ បៃដិន កំពុងដោះស្រាយជាមួយលោក ហើយខ្ញុំមិនចង់បង្កើតជម្លោះផលប្រយោជន៍ទេ”។
លោក ហ្សេលេនស្គី បានចេញលិខិតអញ្ជើញក្នុងអំឡុងពេលបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យជាមួយ NBC News ដោយនិយាយថា លោកចង់បង្ហាញដល់លោក ដូណាល់ ត្រាំ ថាហេតុអ្វីបានជាអតីតប្រធានាធិបតីគឺខុសក្នុងការអះអាងថា គាត់អាចដោះស្រាយជម្លោះរុស្ស៊ី – អ៊ុយក្រែនក្នុងរយៈពេល ២៤ ម៉ោង។ លោក ត្រាំ បានប្រាប់ Fox News កាលពីខែកក្កដាថា ប្រសិនបើគាត់ឈ្នះតំណែងប្រធានាធិបតីនៅឆ្នាំ ២០២៤ គាត់នឹងបញ្ចប់វិបត្តិនៅអឺរ៉ុបខាងកើត យ៉ាងឆាប់រហ័ស ដោយបង្ខំឱ្យ លោម ហ្សេលេនស្គី និងប្រធានាធិបតីរុស្ស៊ី Vladimir Putin ចរចារកិច្ចព្រមព្រៀងសន្តិភាព៕ ប្រែសម្រួលៈ ណៃ តុលា