ព័ត៌មានអន្តរជាតិ

អាមេរិក បើកការវាយ​ប្រហារ​តាមផ្លូវអាកាស លើកន្លែង​ស្តុក​អាវុធ នៅ​ភាគ​ខាង​កើត​ស៊ីរី

រូបភាពពី៖​ AFP

ដាម៉ាស់៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានវាយប្រហារទីតាំងផ្ទុកអាវុធមួយកន្លែងនៅភាគខាងកើតប្រទេសស៊ីរី ដែលវាត្រូវបានគេជឿថា ត្រូវបានប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និងក្រុមពាក់ព័ន្ធ។

លោកបានហៅប្រតិបត្តិការនេះថាជា “ការវាយប្រហារស្វ័យការពារដោយភាពជាក់លាក់” ដោយថា វាត្រូវបានអនុវត្តដោយយន្តហោះចម្បាំង F-15 របស់សហរដ្ឋអាមេរិកពីរគ្រឿងក្នុងការឆ្លើយតបទៅនឹង “ការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងបុគ្គលិកអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដោយសាខា IRGC-Quds Force” ។

សកម្មភាពយោធានេះ ត្រូវបានចាប់ផ្តើមតាមការណែនាំរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នេះបើយោងតាមប្រធានមន្ទីរបញ្ចកោណ ដែលបានឲ្យដឆងថា សហរដ្ឋអាមេរិក កំពុង “ប្រឆាំងនឹងការកើនឡើងនូវភាពតានតឹងណាមួយ” នៅមជ្ឈិមបូព៌ា។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសស៊ីរី បានឱ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិក បានវាយប្រហារជុំវិញផ្លូវ Bor Saeed ភាគខាងកើតនៃទីក្រុង Deir al-Zour ។ មុននេះ មានការផ្ទុះដ៏ខ្លាំងក្លាមួយនៅឯអណ្តូងប្រេង al-Omar ដែលជាកន្លែងមូលដ្ឋានទ័ពអាមេរិក ស្ថិតនៅតំបន់ជនបទភាគខាងកើតនៃទីក្រុង Deir al-Zour ។

របាយការណ៍បានឲ្យដឹងថា ឧបទ្ទវហេតុនាពេលបច្ចុប្បន្ននេះហាក់ដូចជាជាផ្នែកមួយ នៃការផ្លាស់ប្តូរការបាញ់ប្រហារ ដែលកំពុងកើនឡើងនាពេលថ្មីៗនេះរវាងអ្នកប្រយុទ្ធគាំទ្រអ៊ីរ៉ង់ និងកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងទីក្រុង Deir al-Zour៕ ប្រែសម្រួល ឈូក បូរ៉ា

To Top