ព័ត៌មានអន្តរជាតិ

កម្ពុជា -ចិន ជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីលើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាព ប្រតិបត្តិការទូទាត់ឆ្លងដែន

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួន២ ដើម្បីជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីលើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការទូទាត់ឆ្លងដែន រវាងប្រទេសទាំងពីរ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា នាថ្ងៃទី២១ វិច្ឆិកា នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ចំនួន ២ ជាមួយធនាគារកណ្ដាលចិន។ លោកបណ្ឌិត Pan Gongsheng ទេសាភិបាល ធនាគារកណ្តាលចិន និងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះ និងបានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈទាំងពីរ។

អនុស្សរណៈទី ១ ៖ ផ្តោតលើកិច្ចសហប្រតិបត្តិការនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីលើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការទូទាត់ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងជំរុញនវានុវត្តន៍ និងវិសាលភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ។ កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនេះ នឹងជួយបង្កើនទំនុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្នបន្ថែមទៀត ព្រមទាំងគាំទ្រគោលនយោបាយដែលរាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

អនុស្សរណៈទី ២ ៖ ផ្ដោតទៅលើការបង្កើតកិច្ចសម្របសម្រួលក្នុងការទូទាត់ និងផាត់ទាត់នៅកម្ពុជា។ ភាគីទាំងពីរ បានឯកភាពគ្នាបង្កើនកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងសមត្ថភាព នៃវិស័យធនាគារនៅកម្ពុជា សំដៅជួយសម្រួលពាណិជ្ជកម្ម វិនិយោគ និងលំហូរហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ ដែលកំពុងកើនឡើងជាលំដាប់ឱ្យកាន់តែរលូនជាងមុនបន្ថែមទៀត។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ ក៏នឹងចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែង និងបង្កើនសក្ដានុពលរបស់កម្ពុជាឱ្យ កា្លយជាគោលដៅវិនិយោគដ៏គួរឱ្យទាក់ទាញ តាមរយៈផលិតផល និងសេវាកម្មហិរញ្ញវត្ថុថ្មីៗ ដែលគ្រឹះស្ថានធនាគារនៅកម្ពុជា នឹងផ្តល់ជូនដល់វិនិយោគិនចិន។

សូមបញ្ជាក់ថា អនុស្សរណៈយោគយល់នេះមានគោលបំណង ជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារ និងប្រព័ន្ធទូទាត់សងប្រាក់ លើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការទូទាត់ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងកសាងសមត្ថភាព វិស័យធនាគារនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើននៃពាណិជ្ជកម្ម ការវិនិយោគ និងលំហូរហិរញ្ញវត្ថុទ្វេភាគីរវាងប្រទេសចិននិងកម្ពុជា៕

To Top