ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹក របស់ម៉ារ៉ុក ជួយសង្គ្រោះជនអន្តោប្រវេសន៍ ខុសច្បាប់ចេញពីដែនសមុទ្រ បានឲ្យរួចជីវិតចំនួន៧៦នាក់

Xinhua

RABAT ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មានផ្លូវការ MAP បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ កងទ័ពជើងទឹកម៉ារ៉ុក បានស្ទាក់ចាប់ និង បានជួយសង្គ្រោះជនអន្តោប្រវេសន៍ ខុសច្បាប់ចំនួន៧៦នាក់ នៅលើទូកចំនួន១គ្រឿង នៅឆ្នេរសមុទ្រអាត្លង់ទិក ។

កាលពីថ្ងៃព្រហស្បតិ៍ អង្គភាពទ័ពជើងទឹកម៉ារ៉ុក បានស្ទាក់ចាប់ទូកនៅជិតកំពង់ផែ Laayoune ខណៈកំពុងធ្វើដំណើរទៅកាន់កោះ Canary របស់ប្រទេសអេស្ប៉ាញ ។

ប្រភពបានឲ្យដឹងទៀតថា ក្រោយពីទទួលបានការថែទាំវេជ្ជសាស្រ្តចាំបាច់ ជនចំណាកស្រុកដែលត្រូវបានជួយសង្គ្រោះនៃអនុតំបន់សាហារ៉ាអាហ្រ្វិក រួមមានស្ត្រីចំនួន១៥ នាក់ និងអនីតិជនចំនួន៣នាក់ ត្រូវបានប្រគល់ទៅឱ្យកងរាជអាវុធហត្ថនៅកំពង់ផែ Laayoune សម្រាប់ដំណើរការរដ្ឋបាលបន្ត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top