ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ វត្ថុបុរាណដ៏ល្អប្រណិត របស់ប្រទេសនានា នៅក្នុងសារមន្ទីរអង់គ្លេស គួរតែធ្វើមាតុភូមិនិវត្តន៍ហើយ

ក្នុងនាមជាសារមន្ទីរ ដ៏ល្បីឈ្មោះ លើពិភពលោក សារមន្ទីរអង់គ្លេស បើមើលពីសំបកក្រៅ គឺមានសមុច្ច័យជាច្រើន តែតាមពិតទៅ គឺត្រូវគេហៅថា ជា“និមិត្តរូបនៃការលួចជាទូទៅ” ។ ក្នុងចំណោមសមុច្ច័យចំនួន ជាង៨លានក្នុងសារមន្ទីរ ភាគច្រើនគឺបានមកពីប្រទេសដទៃទៀត ។ ជាច្រើនឆ្នាំកន្លងទៅនេះ ប្រទេសជាច្រើន បានទាមទារឱ្យយកមកវិញ នូវវត្ថុបុរាណ ដែលត្រូវអង់គ្លេសឆក់យកជាបន្តបន្ទាប់ ។ ពេលថ្មីៗកន្លងទៅនេះ លោក Kyriakos Mitsotakis នាយករដ្ឋមន្ត្រីក្រិកក៏ធ្វើអ៊ីចឹងដែរ ។

ចាប់ពីថ្ងៃទី២៦ ខែវិចិ្ឆកា តាមម៉ោងក្នុងតំបន់ឡើងទៅ លោក Kyriakos Mitsotakis បានចាប់ផ្តើមបំពេញ ទស្សនកិច្ចនៅអង់គ្លេស ។ ពេលផ្តល់បទសម្ភាសន៍ ពិសេសជាមួយប្រព័ន្ធសារព័ត៌មាន BBC លោកបានថ្លែងថា ក្រិកទាមទារឱ្យសារមន្ទីរអង់គ្លេស សងរូបចម្លាក់ថ្មម៉ាប នៃប្រាសាទ Parthenon ឱ្យក្រិកវិញ ។ លោកបានលើកឡើងថា កម្មសិទ្ធិនៃវត្ថុបុរាណទាំងនេះគឺគ្មានអ្វីគួរឱ្យប្រកែកបានទេ ពួកវាគឺជារបស់ប្រទេសក្រិក ដែលត្រូវគេលួចយកទៅ ។

ប្រទេសដែលកើតមានរឿង ដូចនេះគឺមិនត្រឹមតែក្រិកប៉ុណ្ណោះទេ ។ តាមស្ថិតិមិនគ្រប់គ្រាន់នៃអង្គការយូណេស្កូ នៃអង្គការសហប្រជាជាតិបានឱ្យដឹងថា វត្ថុបុរាណរបស់ចិន ដែលបាត់បង់ នៅបរទេសយ៉ាងហោចណាស់ មានចំនួន១លាន៦សែន៤ម៉ឺន រីឯសារមន្ទីរអង់គ្លេស គឺជាសារមន្ទីរ ដែលរក្សាទុក វត្ថុបុរាណចិនដែលបាត់បង់ច្រើនបំផុតមួយ ។ ពីគ្រឿងសំរឹទ្ធនៃរជ្ជកាល Shang និងរជ្ជកាល Zhou ដល់ព័រសឺឡែន នៃរជ្ជកាល Tang និងរជ្ជកាល Song រហូតដល់គ្រឿងធ្វើពីមាសនិងថ្មយក់នៃរជ្ជកាល Ming និងរជ្ជកាល Qing សមុច្ច័យជាវត្ថុបុរាណរបស់ចិននៅទីនេះសឹងតែបូករួមទាំងប្រភេទសិល្បៈទាំងអស់ ក៏ដូចជាសឹងតែឆ្លងកាត់ប្រវត្តិសាស្ត្រចិនទាំងមូល ។ ជាការធម្មតា ស្លាកនៃវត្ថុបុរាណទាំងនេះបានសរសេប្រភព “ស្របច្បាប់” ប៉ុន្តែតាមការពិត ប្រភពគឺមកពីសង្គ្រាម ការលួចនិងទិញនៅទីផ្សារងងឹត ហើយភាគីច្រើនបានកើតនៅ រយៈពេលជាង១រយឆ្នាំ គិតពីសង្គ្រាមអាភៀន ដល់មុនពេលបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។

ដើម្បីទាមទារឱ្យយកមកវិញ នូវវត្ថុបុរាណដែលត្រូវឆក់យក ប្រទេសជាច្រើនដែលរួមមានទាំងប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ប៉ុន្តែ អង់គ្លេសបដិសេធមិនព្រមសងឱ្យវិញក្រោមលេស “ការពារសន្តិសុខនៃវត្ថុបុរាណ”ជាប់រហូតមក ។ លោក Dan Hicks ប្រធានសារមន្ទីរ Pitt Rivers នៃសកលវិទ្យាល័យ Oxford បានលើកឡើងថា គិតមកទល់បច្ចុប្បន្ននេះ សារមន្ទីរអង់គ្លេសនៅតែមាន “មនោសញ្ចេតនានឹករលឹក ចក្រពត្តិ កាលពីអតីតកាល”ដដែល ដោយសម្គាល់ថា ខ្លួន “មានបុព្វសិទ្ធិពិសេសម្យ៉ាង ដែលអាចទន្ទ្រានកាន់កាប់វត្ថុបុរាណដោយមិនបាច់បកស្រាយអ្វីទេ ។”
នៅខែសីហាឆ្នាំនេះ សារមន្ទីរអង់គ្លេស ត្រូវបែកធ្លាយឱ្យដឹងថា វត្ថុបុរាណដ៏ល្អប្រណិតប្រហែល២ពាន់បានបាត់ខ្លួនហើយ មានមួយចំនួនសឹង តែត្រូវគេលក់ តាមបណ្តាញអ៊ីនធើណេត ។ រឿងនេះនាំឱ្យសារមន្ទីរអង់គ្លេសធ្លាក់ចូលក្នុងវិបត្តិកេរ្តិ៍ឈ្មោះ ដែលសមត្ថភាព “ការពារសន្តិសុខ វត្ថុបុរាណ”របស់វារងការ មន្ទិលសង្ស័យយ៉ាងខ្លាំង ។ ដូច្នេះ ប្រទេសជាច្រើនដែលបូករួម ទាំងប្រទេសចិនផងដែរបានអំពាវនាវម្តងទៀត ឱ្យភាគីអង់គ្លេសសងវត្ថុបុរាណវិញ ។

វត្ថុបុរាណជាការបន្តវេន និងការផ្ទុកនូវវប្បធម៌ប្រទេស និងជនជាតិមួយ ដែលបានបង្ហាញពីមនោសញ្ចេតនា ប្រវត្តិសាស្ត្រនិងចំណាំវប្បធម៌ ។ ជាច្រើនឆ្នាំកន្លងទៅនេះ ប្រទេសជាច្រើនមិនដែលបញ្ឈប់ ការទាមទារឱ្យយកមកវិញ នូវវត្ថុបុរាណដែលត្រូវគេឆក់យកទាំងនោះ ចំពោះសារមន្ទីរអង់គ្លេសនិង រដ្ឋាភិបាលអង់គ្លេស ក្នុងគោលបំណងការពារសរសៃឈាម វប្បធម៌របស់រដ្ឋនិងជនជាតិ និងជម្រះបញ្ជីចំពោះសំណល់ នៃអាណានិគមនិយម តាមការពិត នេះក៏ជាចំណែកមួយ នៃចលនាប្រឆាំងអាណានិគម និយមអន្តរជាតិផងដែរ ។

សម័យអាណានិគម និយមបានកន្លងផុតទៅហើយ ។ ភាគីអង់គ្លេសគួរតែប្រកាន់ ឥរិយាបថត្រឹមត្រូវ ចំពោះសំណូមពរនិងតម្រូវការ ស្របច្បាប់របស់ប្រទេសជាច្រើន ដើម្បីសងវត្ថុបុរាណ ដែលខ្លួនបានឆក់យក ទៅវិញក្នុងពេលឆាប់ៗ ។ វត្ថុបុរាណដ៏ល្អប្រណិត របស់ប្រទេសនានានៅក្នុង សារមន្ទីរអង់គ្លេស គួរតែធ្វើមាតុភូមិនិវត្តន៍ទៅហើយ ។ ប្រវត្តិសាស្ត្រអាណានិគមនិយមដ៏ខ្មៅងងឹតរបស់អង់គ្លេស ក៏កាន់តែត្រូវក្លាយជាប្រវត្តិ សាស្ត្រទាំងស្រុងជាដាច់ខាត ៕ អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top