ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខ​ មិនទាន់ឯកភាពគ្នាក្នុងការថ្កោលទោស ការបាញ់បង្ហោះផ្កាយរណបចារកម្ម របស់កូរ៉េខាងជើង

Xinhua

យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅតែបែងចែកថ្ងៃច័ន្ទ ជុំវិញថាតើត្រូវថ្កោលទោសការបាញ់បង្ហោះផ្កាយរណប ចារកម្មរបស់ប្រទេសកូរ៉េខាងជើង កាលពីសប្តាហ៍មុន នៅក្នុងការរំលោភលើដំណោះស្រាយ ដែលបានអនុម័តដោយ ក្រុមកាលពីអតីតកាលដែរឬទេ។

ក្រុមប្រឹក្សាសន្តិសុខ ដែលជាស្ថាប័នពិភពលោក បានបរាជ័យក្នុងការចាត់វិធានការជាក់ស្តែង ដូចជាការអនុម័តដំណោះស្រាយទណ្ឌកម្ម ឬសេចក្តីថ្លែងការណ៍ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៧ ជុំវិញការបាញ់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង។

លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ បានប្រាប់វគ្គមួយកាលពីថ្ងៃចន្ទថា “កូរ៉េខាងជើង​ កំពុងព្យាយាមឥតឈប់ឈរ ដើម្បីជំរុញប្រព័ន្ធចែកចាយ អាវុធនុយក្លេអ៊ែររបស់ខ្លួន”។

បេសកជនអាមេរិករូបនេះបានលើកឡើងថា “ហើយមានសមាជិកអចិន្ត្រៃយ៍ពីរ ដែលមិនចង់ថ្កោលទោស ការបាញ់បង្ហោះដ៏គ្រោះថ្នាក់នេះ ហើយអ្នកផ្សេងទៀតចូលចិត្តវា” ដោយសំដៅទៅរុស្ស៊ី និងចិន ដែលកាន់សិទ្ធិវេតូ។

លោកស្រីក៏បានឲ្យដឹងផងដែរថា “ផ្កាយរណបឈ្លបយកការណ៍របស់កូរ៉េខាងជើង ត្រូវបានបញ្ជាក់នៅក្នុងគន្លង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក Kim Song បានការពារការបាញ់បង្ហោះរ៉ុក្កែតកាលពីថ្ងៃទី២១ ខែវិច្ឆិកា ដើម្បីបញ្ជូនផ្កាយរណបចារកម្មទៅកាន់គន្លងតារាវិថី ដោយថា វាគឺ “ដើម្បីទទួលបានរូបភាពច្បាស់លាស់នៃ ចលនាយោធាដ៏អាក្រក់របស់សហរដ្ឋអាមេរិក និងបក្ខពួករបស់ខ្លួន”។

លោក Kim បានលើកឡើងថា “វាគឺជាការអនុវត្តស្របច្បាប់ និងត្រឹមត្រូវនៃសិទ្ធិការពារខ្លួន ដែលជាកម្មសិទ្ធិពេញលេញនៃ ផ្នែកច្បាប់នៃការការពារខ្លួនរបស់យើង”។ អ្នកតំណាងមកពីរុស្ស៊ី និងចិន បានឲ្យដឹងថា សមយុទ្ធយោធា ដែលមានការចូលរួមពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន នៅជិតឧបទ្វីបកូរ៉េ បានបង្កើនភាពតានតឹងនៅក្នុងតំបន់។

លោក Kimihiro Ishikane បេសកជនកំពូលជប៉ុន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងផងដែរថា “យើងមិនគួរត្រូវបានបញ្ឆោតដោយការប៉ុនប៉ងណាមួយ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃមហិច្ឆតារបស់កូរ៉េខាងជើង ក្នុងការបន្តកម្មវិធីអាវុធប្រល័យលោក ខុសច្បាប់នោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top