ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី​ជប៉ុន ​នឹង​ជួប​ប្រធានាធិបតី ​អ៊ីស្រាអែល ​នៅ​ថ្ងៃស្អែក ចំពេល​មាន​សង្គ្រាម​នៅ​ហ្គាហ្សា

តូក្យូ ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា កំពុងរៀបចំជួបជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ​ នៅខាងក្រៅសន្និសីទ អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ចំពេលប្រទេសមជ្ឈិមបូព៌ាមានសង្រ្គាមជាមួយក្រុមហាម៉ាស។

ប្រភពបានឲ្យដឹងថា ប្រសិនបើដឹង វានឹងក្លាយជាលើកទីមួយ សម្រាប់នាយករដ្ឋមន្ត្រីជប៉ុន ក្នុងការជួបពិភាក្សាជាមួយមេដឹកនាំនយោបាយអ៊ីស្រាអែល ចាប់តាំងពីអ៊ីស្រាអែល ត្រូវបានវាយប្រហារ ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន កាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានជម្លោះទ្រង់ទ្រាយធំ។

លោក គីស៊ីដា ទំនងជាមិនទៅបំពេញ ទស្សនកិច្ចនៅអ៊ីស្រាអែលនោះទេ ក្នុងដំណើររបស់លោក ទៅកាន់មជ្ឈិមបូព៌ា ជាកន្លែងដែលលោក នឹងចូលរួមក្នុងការប្រជុំកម្រិតកំពូល នៃសម័យប្រជុំលើកទី២៨ នៃសន្និសីទភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ដែលត្រូវបានគេស្គាល់ថា COP28 នៅសហរដ្ឋអាមេរិក។ ​

នៅក្នុងកិច្ចពិភាក្សាដែលរំពឹង ទុករបស់ពួកគេ លោក គីស៊ីដា ត្រូវបានគេរំពឹងថា នឹងស្នើឱ្យលោក Herzog ធ្វើការលើការបន្ធូរបន្ថយភាព តានតឹងជុំវិញតំបន់ហ្គាហ្សា របស់ប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដោយបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសជប៉ុន សម្រាប់ស្ថានភាពនៅមជ្ឈិមបូព៌ាឱ្យប្រសើរឡើង ។

ប្រទេសជប៉ុន ដែលក្រីក្រ ធនធានជាប្រពៃណីបានបន្ត “ការទូតដែលមានតុល្យភាព” រវាងអ៊ីស្រាអែល និង ប្រទេសមូស្លីមនៅមជ្ឈិមបូព៌ា ដោយសារប្រទេសនេះ ពឹងផ្អែកខ្លាំងលើប្រេងឆៅពីតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។

មានការរំពឹងទុកយ៉ាងទូលំទូលាយថា លោក គីស៊ីដា អាចនឹងទៅបំពេញ ទស្សនកិច្ចនៅអ៊ីស្រាអែល ក្នុងអំឡុងដំណើររបស់លោក ទៅកាន់ប្រទេសអារ៉ាប់រួម ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយកាលពីថ្ងៃពុធថា នាយករដ្ឋមន្ត្រីមិនមាន “គម្រោង” ដើម្បីធ្វើដំណើរទៅទីនោះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top