ព័ត៌មានអន្តរជាតិ

បុរសម្នាក់ដែល FBI ដាក់ក្នុងបញ្ជីចង់ចាប់ខ្លួនបំផុត ត្រូវចាប់ខ្លួនបានហើយ នៅអេស្ប៉ាញ

រូបភាព៖RT News

បរទេស៖ បុរសជនជាតិអេស្បាញម្នាក់ ដែលត្រូវបានគេចោទប្រកាន់ថា បានជួយប្រទេសកូរ៉េខាងជើង ឱ្យប្រើប្រាស់រូបិយប័ណ្ណ ឌីជីថល ដើម្បីគេចចេញពីការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក គឺត្រូវបានចាប់ខ្លួន នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ហើយប្រឈមមុខនឹង ការជាប់ពន្ធនាគារ ដល់ទៅ ២០ ឆ្នាំ នៅក្នុងសហរដ្ឋអាមេរិក ប្រសិនបើមានការកាត់ទោស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Alejandro Cao de Benos ត្រូវ​បាន​អាជ្ញាធរ​អេស្ប៉ាញ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ ពេល​មក​ដល់​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង ម៉ាឌ្រីដ។ ដំណើរការ​ធ្វើ​បត្យាប័ន​ជា​ផ្លូវ​ការ​ទៅសហរដ្ឋអាមេរិក មិន​ទាន់​ចាប់​ផ្តើម​នៅ​ឡើយ​ទេ។

ការស៊ើបអង្កេត ដើម្បីកំណត់ទីតាំងរបស់អភិជន ដែលរត់គេចខ្លួន បានចាប់ផ្តើមនៅពាក់កណ្តាលខែតុលា បន្ទាប់ពីភ្នាក់ងារប៉ូលិស Interpol បានបង្ហាញថា លោកអាចលាក់ខ្លួននៅក្នុងប្រទេសអេស្ប៉ាញ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ប៉ូលីសជាតិអេស្ប៉ាញ។ គាត់ត្រូវបានគេតាមដាន ទៅកាន់តំបន់ Catalonia ហើយអ្នកស៊ើបអង្កេត បានកំណត់ថា គាត់នឹងនៅលើរថភ្លើងដែលចូលមកពីទីក្រុង Barcelona ។

ទីភ្នាក់ងារ FBI របស់សហរដ្ឋអាមេរិកមាន Cao de Benos នៅក្នុងបញ្ជី “ចាប់ខ្លួនខ្លាំងបំផុត” របស់ខ្លួនអស់រយៈពេលជាងមួយឆ្នាំ។ បុរសរូបនេះត្រូវបានគេចោទប្រកាន់ថា បានបង្កើតក្រុមមួយដែលមានឈ្មោះថា សមាគមមិត្តភាពជាមួយកូរ៉េខាងជើងក្នុងឆ្នាំ ២០០០ ហើយបានរៀបចំសន្និសីទលុយឌីជីថល ឬ cryptocurrency និង blockchain-technology ជាច្រើននៅឆ្នាំ ២០១៨ នៅទីក្រុងព្យុងយ៉ាង។

យោងតាមរដ្ឋអាជ្ញាអាមេរិក លោក Cao de Benos និងជនជាតិអង់គ្លេស Christopher Emms បានឃុបឃិតជាមួយ អ្នកជំនាញរូបិយបណ្ណ សញ្ជាតិអាមេរិក Virgil Griffith ដើម្បីផ្តល់សេវាកម្ម cryptocurrency និង blockchain ដោយខុសច្បាប់ដល់ប្រទេសកូរ៉េខាងជើង ដោយរំលោភលើការដាក់ទណ្ឌកម្ម របស់ទីក្រុងវ៉ាស៊ីនតោន។ ឈ្មោះ Emms នៅតែជាអ្នករត់គេចខ្លួន ខណៈដែល Griffith ត្រូវបានកាត់ទោស កាលពីឆ្នាំមុនឱ្យជាប់គុក ៦៣ ខែ និងពិន័យជាប្រាក់ចំនួន ១សែនដុល្លារ បន្ទាប់ពីបានសារភាពកំហុស៕

ប្រែសម្រួលៈ ណៃ តុលា

To Top