ព័ត៌មានអន្តរជាតិ

ចិន ត្រៀម​ខ្លួន​សហការ​ ជាមួយ​គ្រប់​ភាគី ដើម្បី​កសាង​ពិភពលោក ​ដ៏​ស្រស់ស្អាត​

រូបភាព៖ Xinhua

ប៉េកាំង៖ ឧបនាយករដ្ឋមន្ត្រីចិន លោក Ding Xuexiang បានឲ្យដឹងថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍ ដែលមានទំនួលខុសត្រូវដ៏សំខាន់មួយ ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយគ្រប់ភាគី ដើម្បីកសាងពិភពលោកដ៏ស្រស់ស្អាត។

លោក Ding តំណាងពិសេសរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នៅពេលថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម (UAE)។

លោក Ding បានបង្ហាញពីបំណងល្អរបស់លោក ស៊ី សម្រាប់ UAE ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ ដោយលោកបានលើកឡើងថា កាលពីប្រាំបីឆ្នាំមុន លោក ស៊ី បានធ្វើការជាមួយមេដឹកនាំនៃប្រទេសដទៃទៀត ដើម្បីឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាមួយនឹងការប្តេជ្ញាចិត្ត និងប្រាជ្ញាបំផុតខាងនយោបាយ ហើយបានចាប់ផ្តើមដំណើរថ្មីនៃកិច្ចសហប្រតិបត្តិការពិភពលោក ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។

លោកបានលើកឡើងថា ប្រទេសចិនតែងតែរក្សាការសន្យារបស់ខ្លួន និងបានរួមចំណែកយ៉ាងសំខាន់ចំពោះអភិបាលកិច្ចអាកាសធាតុពិភពលោក ដោយបន្ថែមថា ប្រទេសចិន បានជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការអន្តរជាតិលើការអភិវឌ្ឍន៍បៃតង បដិវត្តន៍ថាមពល និងការប្រែប្រួលអាកាសធាតុ និងបានគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការបង្កើនសមត្ថភាពរបស់ពួកគេក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

លោកបានសង្កត់ធ្ងន់ថា មនុស្សជាតិចែករំលែកជោគវាសនារួមក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ ហើយភាគីទាំងអស់គួរតែពង្រឹងការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់ពួកគេដើម្បីរួមគ្នាដោះស្រាយវា។

លោកបានដាក់សំណើបីចំណុច៖ ទីមួយ គឺអនុវត្តពហុភាគីនិយម ប្រកាន់ខ្ជាប់នូវគោលដៅ និងគោលការណ៍ ដែលមានចែងក្នុងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ និងសម្រេចបានផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះឈ្នះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top