ព័ត៌មានអន្តរជាតិ

យល់ដឹងពីគំនិត ស្តីពីការអភិវឌ្ឍ ដោយសមាហរណកម្ម នៅតំបន់ដីសណ្ដ ទន្លេយ៉ងសេ របស់លោកXi Jinping

ថ្ងៃទី ៣០ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិន បានធ្វើជាអធិបតី ក្នុងកិច្ចប្រជុំសំណេះសំណាល ស្តីពីការ ជំរុញការអភិវឌ្ឍ ដោយសមាហរណកម្ម នៅតំបន់ដីសណ្ដទន្លេយ៉ងសេ នៅក្រុងសៀងហៃ ព្រមទាំងថ្លែងសុន្ទរកថា គន្លឹះ ។ តំបន់ដីសណ្ដទន្លេយ៉ងសេ ជាផ្នែកសំខាន់មួយ នៃការជំរុញការអភិវឌ្ឍ ដោយសម្របសម្រួល តាមតំបន់នៃប្រទេសចិន ។ តើការអភិវឌ្ឍតាមតំបន់ របស់ចិនមានគំនិតបែបណា? តើការធ្វើសមាហរណកម្ម តំបន់ដីសណ្ដ ទន្លេយ៉ងសេ មានអត្ថន័យយ៉ាងណា? តើត្រូវធ្វើយ៉ាងណា ដើម្បីជំរុញការអភិវឌ្ឍ សមាហរណកម្មនៅតំបន់ដី សណ្ដទន្លេយ៉ងសេ? ខាងក្រោមនេះ យើងនាំគ្នាឈ្វេងយល់ពីគំនិត នៃការអភិវឌ្ឍដោយសមាហរណកម្ម នៅតំបន់ដីសណ្ដទន្លេយ៉ងសេ របស់លោក Xi Jinping ប្រធានរដ្ឋចិន។

តើការអភិវឌ្ឍ តាមតំបន់របស់ចិន ត្រូវបានរៀបចំចាត់ចែង ដោយរបៀបណា?

ការជំរុញការអភិវឌ្ឍអន្តរ តំបន់ដោយសម្របសម្រួប ជាការរៀបចំជាយុទ្ធសាស្រ្ត នៃការអភិវឌ្ឍរបស់ចិន ។ និយាយជារួម គឺអនុលោមតាមក្រឹត្យក្រម សេដ្ឋកិច្ចធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធគោលនយោបាយតំបន់ ដើម្បីបញ្ចេញគុណសម្បត្តិ របស់តំបន់នានា និងបង្កើនសមត្ថភាព ផ្ទុកសេដ្ឋកិច្ចនិងប្រជាជន នៃទីក្រុងស្នូល និងបណ្ដុំទីក្រុង ។ បច្ចុប្បន្ននេះ ប្រទេសចិន មានយុទ្ធសាស្រ្ត អភិវឌ្ឍន៍ តាមតំបន់ចំនួន ៦ ដែលបូករួមទាំងការ អភិវឌ្ឍតំបន់ភាគខាង លិចដោយទ្រង់ទ្រាយធំ ការស្តារ និងអភិវឌ្ឍមូលដ្ឋាន ឧស្សាហកម្មចាស់ៗ តំបន់ឦសាន្តដោយគ្រប់ជ្រុងជ្រោយ ការអភិវឌ្ឍដោយស៊ីសង្វាក់គ្នា នូវរដ្ឋធានីប៉េកាំងនិងតំបន់ជុំវិញ ការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ងសេ នៃតំបន់ភាគកណ្តាល ការកសាងមហាឈូងសមុទ្រ ក្វាំងតុង-ហុងកុង-ម៉ាកាវតាមឆ្នេរ សមុទ្រ ភាគខាងត្បូង និងការអភិវឌ្ឍដោយសមាហរណកម្ម នៅតំបន់ដីសណ្ដទន្លេយ៉ងសេ នៃតំបន់អភិវឌ្ឍន៍ភាគខាងកើត ។

តើការធ្វើសមាហរណកម្មតំបន់ដី សណ្ដទន្លេយ៉ងសេ មានអត្ថន័យយ៉ាងណា?

តំបន់ដីសណ្ដទន្លេយ៉ងសេ រួមមានក្រុងសៀងហៃ និងខេត្តនៅជុំវិញ គឺខេត្តJiangsu ខេត្តZhejiang និងខេត្តAnhui ដែលបានបង្កើតជាខ្សែក្រវាត់ទីក្រុង (megalopolis)។ វាគឺជាតំបន់មួយក្នុងចំណោមតំបន់ ដែលមានការអភិវឌ្ឍ សេដ្ឋកិច្ចផុលផុសបំផុត មានកម្រិតបើកទូលាយខ្ពស់បំផុត និងមានសមត្ថភាពច្នៃប្រឌិតថ្មី ខ្លាំងបំផុត ទំហំសេដ្ឋកិច្ចស្មើនឹងជិត ១ភាគ៤នៃទូទាំងប្រទេសចិន ទំហំវិនិយោគរបស់ពាណិជ្ជករបរទេសស្មើរនឹង ៣៩%នៃទូទាំងប្រទេសចិន ។

៥ឆ្នាំមុន លោក Xi Jinping បានប្រកាសពីការគាំទ្រ ការអភិវឌ្ឍដោយសមាហរណកម្ម នៃតំបន់ដីសណ្ដទន្លេយ៉ងសេ ហើយតម្លើងជាយុទ្ធសាស្ត្រជាតិ។ អនុលោមតាម«សេចក្តីសង្ខេប នៃផែនការអភិវឌ្ឍន៍ ដោយសមាហរណកម្មនៅតំបន់ដីសណ្ដទន្លេយ៉ងសេ» ដែលប្រទេសចិន បានប្រកាសបន្ទាប់មក តំបន់នេះនឹងក្លាយទៅជាតំបន់ប៉ូលកំណើនសេដ្ឋកិច្ច ប្រភពកម្លាំងចលករ នៃការអភិវឌ្ឍនិង តំបន់សាកល្បងកំណែទម្រង់ នៃប្រទេសចិន ដែលនឹងបម្រើ និងធ្វើជាសរសរស្តម្ភ សម្រាប់ការធ្វើទំនើបកម្ម តាមបែបផែនចិន ដើម្បីធ្វើជាគំរូសម្រាប់ការ អភិវឌ្ឍដោយសមាហរណកម្ម នៃតំបន់នៅទូទាំងប្រទេសចិន។

តើត្រូវធ្វើយ៉ាងណា ដើម្បីអភិវឌ្ឍដោយសមាហរណកម្ម នៅតំបន់ដីសណ្ដទន្លេយ៉ងសេ?

ក្នុងកិច្ចប្រជុំសំណេះសំណាល លោក Xi Jinping បានលើកឡើងសំណូមពរ កាន់តែខ្ពស់ ចំពោះការអភិវឌ្ឍដោយសមាហរណកម្ម នៅតំបន់ដីសណ្ដទន្លេយ៉ងសេ និងបានចង្អុលបង្ហាញ ពីរបៀបលម្អិត រួមមានការបង្កើនការច្នៃប្រឌិតថ្មី ខាងបច្ចេកវិទ្យា ធ្វើឱ្យល្អពេញលេញនូវយន្តការ និងរបប នៃការអភិវឌ្ឍដោយសមាហរណកម្ម បង្កើនការរួមគ្នាអភិរក្សបរិស្ថាន អេកូឡូស៊ីនិងលើកកម្ពស់សមត្ថភាព អភិវឌ្ឍន៍ដោយសុវត្ថិភាពជាដើម។

លោកបានគូសបញ្ជាក់ថា តំបន់ដីសណ្ដទន្លេយ៉ងសេ ត្រូវតែអនុវត្តយ៉ាងសកម្មនូវការបើកទូលាយ ដោយស៊ីសង្វាក់គ្នាជាន់ខ្ពស់ បង្កើនការរៀនសូត្រ បទពិសោធខាងកំណែទម្រង់ទៅវិញ ទៅមក និងចម្លងបទពិសោធល្អៗ ខិតខំប្រឹងប្រែងដើម្បី ក្លាយទៅជាក្បាលម៉ាស៊ីនដ៏ខ្លាំងក្លា សម្រាប់សម្រួលភាពវិល ជុំធំនៃសេដ្ឋកិច្ចចិន និងមជ្ឈមណ្ឌលយុទ្ធសាស្រ្ត ដែលតភ្ជាប់ភាពវិលជុំទាំងជាតិ និងអន្តរជាតិ ។ ត្រូវពន្លឿនកសាងមជ្ឈមណ្ឌល ទាំង៥ នៃក្រុងសៀងហៃ គឺមជ្ឈមណ្ឌលសេដ្ឋកិច្ច មជ្ឈមណ្ឌលហិរញ្ញវត្ថុ មជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលអាកាសចរណ៍ និង មជ្ឈមណ្ឌលនវានុវត្តន៍ ខាងបច្ចេកវិទ្យា និងជំរុញឱ្យការអភិវឌ្ឍ ដោយសមាហរណកម្មនៅតំបន់ដីសណ្ដទន្លេយ៉ងសេ រួមបញ្ចូលយ៉ាងស៊ីជម្រៅ ជាមួយការអភិវឌ្ឍ ប្រកបដោយគុណភាព ខ្ពស់នៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”។

ក្នុងនាមជាមេដឹក នាំកំពូល របស់ប្រទេសចិន លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ក្នុងគ្រប់ កាលៈទេសៈថា ការប្តេជ្ញាចិត្តរបស់ចិន ក្នុងការបើក ទូលាយ នឹងមិនកែប្រែទេ ការអភិវឌ្ឍរបស់ចិននឹងជាកាលានុវត្តភាព នៃពិភពលោក ។ ស្របពេលដែលការអភិវឌ្ឍ ដោយសមាហរណកម្ម នៅតំបន់ដីសណ្ដទន្លេយ៉ងសេ ត្រូវបានជំរុញដោយស៊ីជម្រៅ តំបន់នេះ នឹងត្រូវបានបង្កើត ជាតំបន់សំខាន់នៃការបើកទូលាយ ចំពោះក្រៅប្រទេសកម្រិតខ្ពស់ ដែលមុខជានឹងមានសារសំខាន់ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងពាណិជ្ជកម្ម ៕ អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top