ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា កំពុងចល័តទ័ព តាមព្រំដែន ត្រៀមទាមទារទឹកដី ១៦ម៉ឺនគីឡូម៉ែត្រការ៉េ

AFP

បរទេស ៖ យោងតាមការដក ស្រង់ព័ត៌មានរបស់ RT ប្រធានាធិបតី វេណេស៊ុយអេឡា លោក Nicolas Maduro បានបញ្ជូនកងទ័ពទៅកាន់ព្រំដែន ជាមួយប្រទេស Guyana ដើម្បីរៀបចំសម្រាប់ការទាមទារទឹកដីទំហំ ១៦ម៉ឺនគីឡូម៉ែត្រការ៉េ ដែលគេស្គាល់ថាជា Essequibo។

ប្រភពដដែលបានអះអាងទៀតថា ទាហានវ៉េណេស៊ុយអេឡា ដែលមិនទាន់មានចំនួនច្បាស់លាស់ ត្រូវបានបញ្ជូនទៅកាន់ Puerto Barima ក្នុងរដ្ឋ Delta Amacuro ។ ទន្ទឹមនឹងនេះដែរ លោក Maduro បានបង្ហាញផែនទីថ្មី របស់ប្រទេសវេណេហ្ស៊ុយអេឡា ដែលដាក់បញ្ចូលទឹកដីដែលដាក់ឈ្មោះថា Guyana Essequiba បន្ទាប់ពីអ្នកបោះឆ្នោតវេណេស៊ុយអេឡា១០,៤ លាននាក់ បានអនុម័តវិធានការបែបនេះ នៅក្នុងការបោះឆ្នោតប្រជាមតិកាលពីថ្ងៃអាទិត្យ។

លោកMaduro បាននិយាយកាលពីថ្ងៃពុធថា យើងចង់បានការសង្គ្រោះ ដោយសន្តិភាពនៃ Guayana Esequibaពីព្រោះថា Guayana Esequiba របស់យើងត្រូវបានកាន់កាប់ ដោយចក្រភពអង់គ្លេស និងអ្នកស្នងមរតក ហើយពួកគេបានបំផ្លាញតំបន់នោះ អស់រយៈពេលជាយូរមកហើយ។

លោកMaduro ក៏បានតែងតាំងឧត្តមសេនីយ Alexis Rodriguez Cabello ជាអភិបាលថ្មីក្នុងតំបន់ខណៈដែលបច្ចុប្បន្នគាត់កំពុងបម្រើការងារនៅទីក្រុង Tumeremo ដែលជាទីក្រុងរុករករ៉ែក្នុងរដ្ឋ Bolivarនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top