ព័ត៌មានអន្តរជាតិ

ភ្នំភ្លើង Merapi របស់ប្រទេសឥណ្ឌូនេស៊ីផ្ទុះ និងប៉ើងផេះទៅលើមេឃកម្ពស់៣.៥០០ម៉ែត្រ

រូបភាពពី៖​ XINHUA

ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ថា យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាគ្រោះមហន្តរាយភូគព្ភសាស្ត្របានឲ្យដឹងថា កាលពីថ្ងៃសុក្រ ភ្នំភ្លើង Merapi របស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើង ដោយបានបញ្ចេញផេះយ៉ាងក្រាស់ប៉ើងឡើងលើមេឃកម្ពស់៣.៥០០ម៉ែត្រ ។

លោក Triyono មន្ត្រីឃ្លាំមើល បានលើកឡើងថា “នៅគ្រាដែលចំហាយផេះកំពុងធ្លាក់ចុះទៅភាគនិរតី ពលរដ្ឋត្រូវបានណែនាំឱ្យនៅឱ្យឆ្ងាយពីតំបន់គ្រោះថ្នាក់” ។

លោក Abdul Muhari អ្នកនាំពាក្យមកទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានលើកឡើងថា ផេះចេញពីភ្នំភ្លើង លាយឡំដោយភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងបានធ្លាក់មកលើភូមិនានាជុំវិញភ្នំ Merapi ជាពិសេសអ្នកស្រុក Boyolali និងស្រុក Magelang ។

ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងនៅកំពូលភ្នំ Merapi ក៏បានធ្វើឱ្យកម្អែលត្រជាក់ចុះមកដែរ ហើយអាជ្ញាធរបានណែនាំដល់ពលរដ្ឋឱ្យនៅឱ្យឆ្ងាយពីតំបន់នានាក្នុងរង្វង់កាំរហូតដល់៧គីឡូម៉ែត្រពីភ្នំភ្លើង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top