ព័ត៌មានអន្តរជាតិ

សារព័ត៌មានចិនផ្សាយថា អាមេរិកកំពុងញុះឱ្យហ្វីលីពីន មានសេចក្តីក្លាហាន ក្នុងការបង្កហេតុជាមួយចិន

US Navy photo

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយចិន បានបន្ទោសសហរដ្ឋអាមេរិក ចំពោះ «ការជំរុញការញុះញង់ទៅលើហ្វីលីពីន ឱ្យមានសេចក្តីក្លាហាន នៅក្នុងការឈ្លានពាន» ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ឆ្មាំសមុទ្ររបស់ចិន បានស្តីបន្ទោសហ្វីលីពីន បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងនាវាចិន និងហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។

ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ ដោយប្រទេសចិនបានចោទកប៉ាល់ហ្វីលីពីនថា “បានបុកដោយចេតនា” ទៅលើកប៉ាល់ របស់ពួកគេខណៈដែលកប៉ាល់ ដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ទៅកាន់នាវាចម្បាំងដែលហ្វីលីពីនរក្សានៅលើថ្មប៉ប្រះទឹក ដើម្បីការពារការទាមទារ របស់ពួកគេនៅក្នុងទឹកដី។

សេចក្តីថ្លែងការណ៍ របស់អ្នកវិភាគ Chen Xiangmiao នៅក្នុងប្រព័ន្ធផ្សព្វផ្សាយចិន បានឱ្យដឹងថា “ចាប់ពីឆ្នាំនេះ ហ្វីលីពីនលែងជូនដំណឹងដល់ ភាគីចិនទៀត ហើយ ហើយបានចាប់ផ្តើមបញ្ជូនសម្ភារៈសំណង់ នៅក្នុងការប៉ុនប៉ងជាក់ស្តែងមួយ ដើម្បីជួសជុលនាវាចម្បាំងដែលកាន់តែយ៉ាប់យ៉ឺនរបស់ខ្លួន និងសាងសង់កន្លែងអចិន្រ្តៃយ៍មួយចំនួន ដូចជាម៉ាស៊ីនភ្លើង កន្លែងរស់នៅ និងសូម្បីតែបន្ទាយយោធា” ។

លើសពីនេះទៀត ប្រទេសចិនបានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការលើកទឹកចិត្ត “ការបង្កហេតុ” ដោយហ្វីលីពីន។ នាវាចម្បាំង USS Gabrielle Giffords បានឆ្លងកាត់ដែនទឹកក្បែរថ្មប៉ប្រះទឹកកាលពីសប្តាហ៍មុន៕
ប្រែសម្រួលៈ ណៃ តុលា

To Top