ព័ត៌មានអន្តរជាតិ

ជប៉ុន និង​អាស៊ាន​ នឹងរៀបចំ​ផែនការ​ចក្ខុវិស័យ​ថ្មី នៅក្នុង​កិច្ចប្រជុំ​កំពូល​ក្រុង​តូ​ក្យូ​

រូបភាពពី៖​ Kyodo

តូក្យូ៖ រដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងគូសវាសនូវ “ចក្ខុវិស័យថ្មី” នៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចេញបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់មេដឹកនាំនៅទីក្រុងតូក្យូនៅចុងសប្តាហ៍នេះ។

នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅថ្ងៃអាទិត្យនេះ ដែលត្រូវបានរៀបចំឡើងដើម្បីរំលឹកខួបលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងអាស៊ាន នេះបើតាមប្រធានលេខាធិការខុទ្ទកាល័យលោក Hirokazu Matsuno។

អ្នកនាំពាក្យរដ្ឋាភិបាលកំពូលបានឲ្យដឹងថា លោក គីស៊ីដា គ្រោងនឹងរៀបចំអាហារពេលល្ងាច សម្រាប់មេដឹកនាំអាស៊ាន ដែលចូលរួមនៅថ្ងៃសៅរ៍ ហើយនឹងជួបពិភាក្សាទ្វេភាគីជាមួយពួកគេនៅខាងក្រៅកិច្ចប្រជុំកំពូល។

លោកបានលើកឡើងថា មេដឹកនាំក៏គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលដាច់ដោយឡែកមួយនៅថ្ងៃចន្ទ ក្រោមក្របខណ្ឌសហគមន៍ការបំភាយអាស៊ីសូន្យ ដែលចាប់ផ្តើមដោយរដ្ឋាភិបាលជប៉ុន ដើម្បីលើកកម្ពស់ការរំលាយកាបូននៅក្នុងតំបន់អាស៊ីដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ថា ក្រុម​អាស៊ាន រួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម៕ ប្រែសម្រួល ឈូក បូរ៉ា

To Top