ព័ត៌មានអន្តរជាតិ

Update៖ ក្រុមហាម៉ាស់ ប្រកាសពីការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត សំដៅទៅក្រុងយេរ៉ូសាឡឹម

Xinhua

យេរ៉ូសាឡឹម ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ថា ស៊ីរ៉ែននៃការបាញ់គ្រាប់រ៉ុក្កែត បានបន្លឺឡើង នៅពេលថ្ងៃរៀបលិច កាលពីថ្ងៃសុក្រនៅក្នុងទីក្រុងយេរ៉ូសាឡឹម និងទីក្រុងក្បែរនោះ ជាច្រើនរួមទាំងក្រុង Bet Shemesh ផងដែរ ។
យោងតាមអ្នកយកព័ត៌មាន Xinhua ដែលឈរជើងនៅទីនោះ បានឲ្យដឹងថា ការផ្ទុះដ៏ខ្លាំងបានបន្លឺឡើងនៅកណ្តាលក្រុងយេរ៉ូសាឡឹម ហើយប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអ៊ែល បានស្ទាក់ចាប់គ្រាប់រ៉ុក្កែតទាំងនោះ ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអ៊ែល បានរាយការណ៍ថា សំឡេងរោទិ៍បានបន្លឺឡើងបន្ទាប់ពីគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ។ មិនទាន់មានរបាយការណ៍ភ្លាមៗអំពីការរងរបួសឬការខូចខាតនៅឡើយទេ ។

ការវាយប្រហារដោយគ្រាប់រ៉ុក្កែត ក្រោយមកត្រូវបានអះអាងដោយកងពល ប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ al-Qassam Brigades។

យោធាអ៊ីស្រាអ៊ែល បានឱ្យដឹងថា យ៉ាងហោចណាស់គ្រាប់រ៉ុក្កែតចំនួន៦គ្រាប់ ត្រូវបានបាញ់សំដៅទៅកាន់ទីក្រុងយេរ៉ូសាឡឹម ដោយក្នុងនោះ៣គ្រាប់ ត្រូវបានស្ទាក់ចាប់ ហើយគ្រាប់ផ្សេងទៀតបានធ្លាក់នៅឆ្ងាយពីតំបន់ ដែលមានប្រជាជនរស់នៅច្រើន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top