ព័ត៌មានអន្តរជាតិ

Update៖ យ៉ាងហោចណាស់មនុស្ស ចំនួន២៦នាក់រងរបួស ក្រោយមានករណីផ្ទុះគ្រាប់បែក នៅភាគខាងលិចអ៊ុយក្រែន

AFP

គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ថា ប៉ូលិសជាតិ បានឲ្យដឹងថា កាលពីថ្ងៃសុក្រ យ៉ាងហោចណាស់មនុស្ស ចំនួន២៦ នាក់បានរងរបួស នៅគ្រាដែលអនុប្រធាន ក្នុងតំបន់ម្នាក់ បានបំផ្ទុះគ្រាប់បែកដៃ ជាច្រើនគ្រាប់នៅក្នុងអគារ ក្រុមប្រឹក្សាភូមិក្នុងតំបន់ Zakarpattia ដែលស្ថិតនៅភាគខាងលិច នៃប្រទេសអ៊ុយក្រែន ។

ប៉ូលិសបានឲ្យដឹងនៅ ក្នុងការបង្ហោះនៅលើបណ្តាញសង្គម Telegram ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ១១និង៣៧នាទីព្រឹកម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៩និង៣៧នាទីម៉ោងសកល នៅក្នុងភូមិ Keretsky ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សា ។

អ្នករបួសចំនួន៦នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ TSN.ua បានផ្សាយថា ជម្លោះរវាងអ្នកវាយប្រហារ និងប្រធានសហគមន៍ដែនដី Keretsky គឺជាអ្នកនៅពីក្រោយខ្នង នៃការវាយប្រហារមួយនេះ ។

អាជ្ញាធរអ៊ុយក្រែនកំពុងស៊ើបអង្កេត ទៅលើឧបទ្ទវហេតុនេះ ក្រោមការចោទប្រកាន់ពីបទភេរវកម្ម និងការគ្រប់គ្រងដោយខុសច្បាប់នូវអាវុធ គ្រាប់រំសេវ ឬគ្រឿងផ្ទុះជាដើម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top