ព័ត៌មានអន្តរជាតិ

CIA កំពុងបង្កើនលទ្ធភាព ដើម្បីបង្កើតការចរចាវិញ រវាងហាម៉ាសនិងអ៊ីស្រាអែល

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រធានទីភ្នាក់ងារ ស៊ើបការណ៍សំងាត់អាមេរិក CIA លោក Bill Burns បានជួបពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល និងកាតាក្នុងទីក្រុង Warsaw កាលពីថ្ងៃចន្ទ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងជាថ្មី ដើម្បីចាប់ផ្តើមឡើងវិញនូវការដោះដូរ អ្នកទោសនិងចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។

កាសែត Wall Street Journal ក៏បានចេញផ្សាយដែរថា លោក Burns បានជួបជាមួយប្រធានទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល លោក David Barnea និងនាយករដ្ឋមន្ត្រីកាតា Mohammed bin Abdulrahman Al Thani ។

លោកBarnea បាននិងកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែង ចរចាជាចំណាប់ខ្មាំងរបស់អ៊ីស្រាអែល ខណៈដែលប្រទេសកាតា ដែលជាម្ចាស់ផ្ទះផ្នែកនយោបាយ របស់ក្រុមហាម៉ាសនៅក្នុង រដ្ឋធានីដូហារបស់ខ្លួន បាននិងកំពុងសម្របសម្រួល កិច្ចពិភាក្សារវាងភាគីជម្លោះទាំងពីរ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាកន្លងមកចុងក្រោយនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងជាប្រធានអគ្គសេនាធិការចម្រុះលោក Charles Q. Brown ក៏បានជួបពិភាក្សាជាមួយមន្ត្រី ក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃចន្ទផងដែរ ដោយកត់សម្គាល់ថានេះគឺជាផ្នែកមួយ នៃការផ្តោតអារម្មណ៍ខ្លាំងរបស់រដ្ឋបាល Biden លើការដោះស្រាយវិបត្តិនៅហ្គាហ្សា ៕

ប្រែសម្រួល៖ ស៊ុន លី

To Top