ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសការផ្គត់ផ្គង់ អាវុធរបស់អាមេរិក ដល់អ៊ីស្រាអែល សម្រាប់ប្រើប្រាស់ ប្រឆាំងនឹងប៉ាឡេស្ទីន

រូបភាព៖ Afp

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការប្រគល់អាវុធ មិនឈប់ឈររបស់ខ្លួន ដល់អ៊ីស្រាអែល សម្រាប់ប្រើប្រាស់ ប្រឆាំងនឹងប៉ាឡេស្ទីន។

របាយការណ៍បានឲ្យដឹងថា Amir-Abdollahian បានធ្វើការកត់សម្គាល់នៅឯការជួបជុំមួយនៅក្នុងទីក្រុង Qom ភាគកណ្តាលប្រទេសអ៊ីរ៉ង់ ខណៈកំពុងធ្វើអត្ថាធិប្បាយលើការវិវត្តនៅតំបន់ហ្គាហ្សាស្ទ្រីប ចំពេលមានការវាយប្រហារ របស់អ៊ីស្រាអែល ដែលកំពុងបន្ត។

លោកបានលើកឡើងថា “ថ្ងៃនេះ សព្វាវុធរបស់អាមេរិក កំពុងត្រូវបានបញ្ជូនទៅកាន់ទីក្រុង Tel Aviv ពីគ្រប់មូលដ្ឋានទាំងអស់នៅទូទាំងតំបន់ ដោយមិនផ្អាកនោះឡើយ។ បន្ថែមពីលើអាវុធទាំងនេះ ឧបករណ៍យោធាមួយចំនួន ត្រូវបានបញ្ជូន ដោយផ្ទាល់ពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេស Cyprus និងបន្ទាប់មកទៅកាន់ទីក្រុង Tel Aviv”។

អ្នកការទូតកំពូលអ៊ីរ៉ង់ បានថ្កោលទោស ការលាក់ពុតរបស់អាមេរិក ដោយអះអាងថា ខ្លួនមិនបានស្វែងរកការពង្រីកវិសាលភាពនៃជម្លោះ ខណៈកំពុងបន្តបញ្ជូនអាវុធ និងឧបករណ៍យោធាទៅកាន់ប្រទេសអ៊ីស្រាអែលគ្រប់ពេល។

អ៊ីស្រាអែល បាននិងកំពុងធ្វើយុទ្ធនាការយោធា ទ្រង់ទ្រាយធំមួយ នៅតំបន់ហ្គាហ្សាស្ទ្រីប ប៉ាឡេស្ទីន ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ក្នុងការសងសឹក ចំពោះការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស ដែលបានសម្លាប់ មនុស្សប្រហែល ១២០០ នាក់នៅក្នុងប្រទេសអ៊ីស្រាអែល។

ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងការវាយលុកដីនៅតំបន់ហ្គាហ្សា រហូតមកដល់ពេលនេះបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ២១០០០ នាក់ និងបានផ្លាស់ទីលំនៅភាគច្រើននៃប្រជាជនហ្គាហ្សា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top