ព័ត៌មានអន្តរជាតិ

កាសែតអាមេរិក ផ្សាយថា អ៊ុយក្រែន បង្ហាញការដឹងគុណភ្លាមៗ ចំពោះជំនួយ ២៥០លានដុល្លារ របស់អាមេរិក

រូបភាព៖ Afp

បរទេស៖ កាសែត Washington Post បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយយោងតាម ការលើកឡើង របស់សមាជិកសភាជាន់ខ្ពស់ អ៊ុយក្រែន ម្នាក់ថា កញ្ចប់ជំនួយចុងក្រោយបំផុត របស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន គឺត្រូវបានជួបជាមួយនឹង “ការដឹងគុណដ៏ក្តៅគគុកភ្លាមៗ” នៅក្នុងទីក្រុងគៀវ ខណៈដែលសេតវិមានកំពុងតស៊ូ ដើម្បីបញ្ចុះបញ្ចូលសភា ឱ្យអនុម័តការផ្តល់មូលនិធិបន្ថែម សម្រាប់ប្រទេសនេះ ដែលកំពុងមានជម្លោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីដើមសប្តាហ៍នេះ មន្ទីរបញ្ចកោណ បានប្រកាសផ្តល់ជំនួយយោធាមួយទៀត ដល់ទីក្រុងគៀវ ដែលមានទំហំទឹកប្រាក់ រហូតដល់ ២៥០ លានដុល្លារ រួមទាំងមីស៊ីលប្រភេទផ្សេងៗ កាំភ្លើងធំ និងគ្រាប់រំសេវអាវុធធុនតូច។

លោក Anatoly Antonov ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក បានហៅការផ្តល់ជំនួយនេះថា ជា “អំណោយឆ្នាំថ្មីដ៏បង្ហូរឈាម” ដល់ទីក្រុងគៀវ និងជាសញ្ញាមួយដែលថា ទីក្រុងវ៉ាស៊ីនតោនចង់ប្រយុទ្ធជាមួយទីក្រុងម៉ូស្គូ “ដល់ចុងក្រោយរបស់អ៊ុយក្រែន” ។

ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែងអំណរគុណ ដល់សេតវិមាន សម្រាប់ការគាំទ្រដោយនិយាយថា កញ្ចប់ជំនួយនេះនឹង “គ្របដណ្តប់តម្រូវការបន្ទាន់បំផុត របស់អ៊ុយក្រែន” ។ លោកក៏បានរំលឹកឡើងវិញថា «យើងត្រូវតែបន្តឆ្លើយតបទៅនឹង ការឈ្លានពានរបស់រុស្សី ក្នុងលក្ខណៈដ៏ខ្លាំងក្លា និងម៉ឺងម៉ាត់បំផុតដែលអាចធ្វើទៅបាន»៕

ប្រែសម្រួលៈ ណៃ តុលា

To Top