ព័ត៌មានអន្តរជាតិ

Update៖ ការវាយប្រហារតាមផ្លូវអាកាស មកលើអ៊ុយក្រែន បណ្តាលឲ្យមានអ្នកស្លាប់ កើនដល់៣០នាក់ និងរបួស លើសពី១៦០នាក់

រូបភាព​ AFP

គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ថា លោក Ihor Klymenko រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមផ្លូវអាកាសដ៏ធំបំផុតមកលើប្រទេសអ៊ុយក្រែន គិតចាប់តាំងពីការចាប់ផ្តើមជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានកើនឡើងដល់៣០នាក់ ហើយមនុស្សលើសពី១៦០នាក់បានរងរបួស ។

លោក Klymenko បានថ្លែងនៅក្នុងសារបង្ហោះនៅលើបណ្តាញ Telegram ថា យ៉ាងហោចណាស់មនុស្សចំនួន៥៣នាក់ត្រូវបានជួយសង្គ្រោះចេញពីគំនរកម្ទេចកម្ទីនៃអគារដែលត្រូវបានខូចខាតនៅក្នុងការវាយប្រហារកាលពីព្រឹកថ្ងៃសុក្រ ។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានឲ្យដឹងថា រុស្ស៊ី បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក និងមីស៊ីលចំនួន១៥៨គ្រាប់ប្រឆាំងនឹងអ៊ុយក្រែន ហើយចំនួន១១៥គ្រាប់ត្រូវបានស្ទាក់ចាប់ ។

អគ្គសេនាធិការបានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសអ៊ុយក្រែន និងកន្លែងឧស្សាហកម្ម និងយោធាត្រូវបានវាយប្រហារក្នុងអំឡុងពេលការវាយប្រហារតាមផ្លូវអាកាស ។

លោក Vitali Klitschko អភិបាលក្រុងគៀវ បានលើកឡើងថា មនុស្សចំនួន៩នាក់ត្រូវបានគេអះអាងថា បានស្លាប់ និងចំនួន២៨នាក់ផ្សេងទៀតបានរងរបួស ហើយការស្លាប់ និងរងរបួសភាគច្រើនបានកើតឡើងនៅគ្រាដែលឃ្លាំងមួយនៅក្នុងសង្កាត់ Shevchenkivskiy បានឆាបឆេះ បន្ទាប់ពីរងការវាយប្រហារដោយបំណែកនៃមីស៊ីលស្ទាក់ចាប់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top