ព័ត៌មានអន្តរជាតិ

ចិន ទំនង​ជា​ផ្លាស់ប្ដូរអព្យាក្រឹតភាព​ លើ​ជម្លោះ​ទឹកដី​ជប៉ុន និង​រុស្ស៊ី នៅ​ឆ្នាំ​១៩៩២

រូបភាព KYODO

ប៉េកាំង៖ ជាក់ស្តែង ប្រទេសចិន បានដកជំហរគាំទ្រទីក្រុងតូក្យូរបស់ខ្លួន ដើម្បីប្រកាន់ជំហរអព្យាក្រឹតក្នុងជម្លោះទឹកដីរវាងជប៉ុន និងរុស្ស៊ីលើកោះចំនួនបួន ដែលគ្រប់គ្រងដោយទីក្រុងមូស្គូ ក្បែរកោះហុកកៃដូ ត្រឹមឆ្នាំ១៩៩២ នេះបើយោងតាមកំណត់ត្រាការទូតរបស់ជប៉ុន ដែលបានបែងចែកនៅក្នុងខែធ្នូ។

ជាការឆ្លើយតបទៅនឹងសំណើរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Michio Watanabe ដើម្បីបញ្ជាក់ពីជំហររបស់ចិន ក្នុងការគាំទ្រជប៉ុនលើបញ្ហា “ដែនដីភាគខាងជើង” នោះ អគ្គលេខាធិការបក្សកុម្មុយនិស្តចិន លោក Jiang Zemin បានឲ្យដឹងថា “វាពិបាកតិចជាងក្នុងការដោះស្រាយបញ្ហាទ្វេភាគី” ។

កិច្ចពិភាក្សារវាងលោក Watanabe និងមន្ត្រីកំពូលរបស់ចិនក្នុងខែមករា ឆ្នាំ១៩៩២ ត្រូវបានប្រារព្ធឡើងជាចម្បងដើម្បីធ្វើការរៀបចំ សម្រាប់ដំណើរទស្សនកិច្ចរបស់អធិរាជជប៉ុនទៅកាន់ប្រទេសចិន។

លោក Watanabe បានលើកឡើងថា នៅពេលនោះ ប្រធានាធិបតីរុស្ស៊ីលោក Boris Yeltsin បានផ្លាស់ប្តូរជំហររបស់ទីក្រុងមូស្គូ ក្នុងការទទួលស្គាល់អត្ថិភាពនៃបញ្ហាទឹកដី ហើយបានសំដៅទៅលើការចងចាំផ្ទាល់ខ្លួនរបស់លោកថា នៅពេលនោះ មេដឹកនាំកំពូលចិន លោក Deng Xiaoping ធ្លាប់បាននិយាយថា លោកបានចាត់ទុកកោះទាំងបួនជា “ទឹកដីជប៉ុន” ។

កំណត់ត្រាបានបង្ហាញថា បន្ទាប់ពីលោក Watanabe ព្យាយាមបញ្ជាក់ថាតើជំហររបស់ចិននៅតែមិនផ្លាស់ប្តូរនោះ រដ្ឋមន្ត្រីការបរទេសចិន Qian Qichen ដែលកំពុងអមដំណើរលោក Jiang នៅឯកិច្ចពិភាក្សានោះ បានឲ្យដឹងថា ប្រទេសជាច្រើនរួមទាំងប្រទេសចិន បានប្រឆាំងនឹង “វិធីផ្តាច់ការ” របស់រុស្ស៊ីដែលជាផ្ទៃខាងក្រោយនៅពេលលោក Deng ថ្លែងសុន្ទរកថាទាំងនោះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top